ផ្អើលអស់គាំទ្រ! ផលិតកម្មគ្រប់គ្រង IU ប្រកាសក្ដែងថា នាងកំពុងប្រឈមបញ្ហាធំ
ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ ជាមួយតារាចម្រៀង និង សម្ដែង រាងតូចច្រឡឹង សំឡេងពីរោះឈ្មោះ Lee Ji Eun ឬ គ្រប់គ្នាហៅក្នុងវិស័យសិល្បៈនៃប្រទេសកូរ៉េខាងត្បូងថា IU។
យ៉ាងណាមិញ នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៣ ខាងផលិតកម្មរបស់ IU នោះគឺ EDAM Entertainment បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយទៅកាន់អ្នកគាំទ្រ និង សាធារណៈជន ឱ្យជ្រាបអំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើ សិល្បកររបស់ខ្លួន។
សេចក្ដីថ្លែងការណ៍ខាងលើបានរៀបរាប់ថា ៖ «សិល្បករ IU របស់ខ្លួនទទួលរងការគំរាមកំហែងខាងមនុស្សឃាត កាលពីមួយរយៈពេលមុន។ ដូចនេះក្រុមហ៊ុនយើងក៏បានចាត់វិធានការ ដោយបញ្ចូនអាជ្ញាធរឱ្យស៊ើបអង្កេតបន្ទាន់ទៅកាន់អគារ EDAM Entertainment អគារ Kakao Entertainment និងផ្ទះរបស់នាង»។
ចំពោះមូលហេតុដែល EDAM Entertainment សម្រេចចិត្តប្រកាសបែបនេះ ដោយសារ ៖ «តារាស្រី IU កំពុងស្ថិតក្នុងការថត ខណៈពេលនោះ ជាពេលដែលអាជ្ញាធរបានបញ្ចប់ការស៊ើបអង្កេត និងបញ្ជាក់ថាគ្រប់យ៉ាងមានសុវត្ថិភាព»។
ដោយឡែករឿងរ៉ាវកើតឡើងយ៉ាងណាវិញនោះ ខាងក្រុមហ៊ុន EDAM មិនបានបញ្ជាក់ឱ្យច្បាស់នោះទេ តែដោយសារការព្រួយបារម្ភ និង មានភាពអវិជ្ជមានជាច្រើនកើតឡើង ទើបក្រុមហ៊ុនសម្រេចចិត្តចេញសេចក្ដីប្រកាសមួយនេះ៕