Pope បាត់មុខមួយរយៈធំ អ្នកគាំទ្រខំព្រួយបារម្ភគ្រប់គ្នា លោកបែរឆ្លើយយ៉ាងផុយថា ចង់រស់ស្ងប់ស្ងាត់
អស់រយៈពេលជាច្រើនខែមកហើយ ដែលតារាប្រុសលោក Pope Thanavat បានបាត់មុខពីបណ្ដាញសារព័ត៌មានកម្សាន្តក្នុងស្រុកថៃ។ មិនត្រឹមប៉ុណ្ណោះសូម្បីតែហ្វេសប៊ុក ឬ អ៊ីនស្តាក្រាមក៏ពុំសូវមានបង្ហោះរូបភាព ឬ សកម្មភាពណាមួយឡើយ រហូតធ្វើឱ្យមហាជនអ្នកគាំទ្រតារាប្រុសរូបនេះមានការងឿងឆ្ងល់ ព្រោះមិនដែលឃើញតារាប្រុសរូបនេះបាត់មុខឈឹងបែបនេះឡើយ។
ជុំវិញបញ្ហានេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោក បាននាំគ្នាចូលទៅបញ្ចេញមតិសាកសួរជាបន្តបន្ទាប់នៅក្នុងគណនីផ្ទាល់ខ្លួនរបស់តារាប្រុស Pope ក៏ប៉ុន្តែលោកហាក់មិនបានឆ្លើយតបទៅកាន់អ្នកគាំទ្រឡើយ។ ដោយឡែក ព្រោះតែបាត់មុខយូរពេក ថ្មីៗនេះ ខណៈដែលចេញរឿងថ្មី «ព្រហ្មលិខិត» គេឃើញថាមានសារព័ត៌មានក្នុងស្រុកថៃបានធ្វើការសម្ភាសផ្ទាល់ជាមួយតារាប្រុសរូបសង្ហា Pope ហើយក៏បានសាកសួរពាក់ព័ន្ធនឹងការស្ងាត់មិនសូវឃើញមានសកម្មភាព។
ជុំវិញបញ្ហានេះ អ្នកកំលោះ Pope បានឱ្យដឹងថា ៖ «លោកមិនបានបាត់មុខទៅណាទេ ជាប់ការងារជាបន្តបន្ទាប់ ហើយរស់នៅប្រើជីវិតធម្មតា បន្ទាប់ពីថតរឿងព្រហ្មលិខិតចប់ ដូចជានៅផ្ទះ ទៅដើរកម្សាន្ត រស់នៅជួបជុំគ្រួសារ ហាត់ប្រាណ លេងវាយសី និយាយរួមរស់នៅបែបស្ងប់ស្ងាត់»៕