ស្ងាត់ៗ ផន ស្រីខួច ចាយលុយរាប់ម៉ឺនដុល្លារ ទិញឡានខ្លាញ់គោ កាដូឱ្យខ្លួនឯងមុនភ្ជុំ
ចំពោះតារាចម្រៀងស្រី ផន ស្រីខួច បន្ទាប់ពីកាន់តែទទួលភាពជោគជ័យមានឈ្មោះល្បីក្នុងវិស័យសិល្បៈ មួយចុងក្រោយនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ខ្លាំងចំពោះជីវិតឯកជនរបស់នាង ខណៈបានឃើញនាងចាយជីវិតយ៉ាងហាយសូរ ដើរកម្សាន្តនៅក្រៅប្រទេសយ៉ាងរីករាយជាមួយនឹងជីវិតនៅលីវរបស់នាង។
ជាមួយនឹងការធ្វើដំណើរកម្សាន្តលើទឹកដីក្រៅប្រទេសយ៉ាងរីករាយនេះដែរ ផន ស្រីខួច បានបញ្ចេញរូបភាពបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ បង្ហាញពីសកម្មភាពផ្សេងៗសុទ្ធសឹងតែកន្លែងដ៏ស្អាតៗ និង ល្បីៗផងដែរ។
ដោយឡែក ក្រោយពីត្រឡប់មកពីចាយជីវិតយ៉ាងហាយសូរលើទឹកដីក្រៅប្រទេសមិនបានប៉ុន្មាន តារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀត ខណៈបានឃើញកញ្ញាកាន់តែបង្ហាញជីវិតអភិជន បង្ហោះស្វាគមន៍សមាជិកថ្មី គឺរថយន្តថ្មីសន្លាងមួយគ្រឿងស៊េរីទំនើបម៉ាក CHANGAN UNI-K ទើបទិញជាកាដូជូនខ្លួនឯងដែលមានតម្លៃជាង ៥ ម៉ឺនដុល្លារឯណោះ។
ក្នុងនោះ ផន ស្រីខួច បានសរសេររៀបរាប់ថា ៖ «សូមស្វាគមន៍សមាជិកថ្មី កាដូជូនខ្លួនឯង សម្រាប់ការប្រឹងប្រែងកន្លងមក»។ មានការអបអរសាទរដល់ ស្រីខួច ជាច្រើន ដែលខំប្រឹងរកលុយដោយកម្លាំងញើសឈាម ទិញកាដូផ្គាប់ចិត្តខ្លួនឯង៕