អ្នកគាំទ្រកាន់តែច្បាស់ក្នុងចិត្ត Nak Charlie និង សង្សារចែកផ្លូវគ្នាមែន ព្រោះធ្លាយភស្តុតាងទាំងនេះ
កន្លងមកមួយរយៈធំហើយដែលទំនាក់ទំនងស្នេហារវាងអ្នកកំលោះ Nak Charlie និង ស្រីស្រស់ Kaykai Salaider បានផ្ទុះល្បីថាចែកផ្លូវគ្នាដើររៀងខ្លួន បន្ទាប់ពីបើកចំហចំណងស្នេហ៍ទើបតែបានប៉ុន្មានខែ។ ទោះបីមានការជជែកវែកញែកលើបញ្ហានេះពាសពេញសារព័ត៌មានកម្សាន្តថៃក៏ដោយ ក៏គូស្នេហ៍មួយគូនេះមិនព្រមចេញមុខបកស្រាយដែរ បានត្រឹមតែបង្ហោះសារឈឺចាប់រៀងៗខ្លួនប៉ុណ្ណោះ។
ដ្បិតពុំមានការបកស្រាយថាគូស្នេហ៍អ្នកទាំងពីរចែកផ្លូវគ្នាឱ្យបានច្បាស់លាស់មែន តែអ្នកគាំទ្រក៏ប្រាកដចិត្តស្ទើរតែ ១០០ ភាគរយទៅហើយថាជារឿងពិត នោះក៏ដោយសារតែតារាប្រុស Nak Charlie បានចេញមកបង្ហោះថា ៖ «ខណៈនេះលោកនឹងវិលត្រឡប់ទៅធ្វើជាខ្លួនឯងវិញ សុខចិត្តរស់នៅជាមួយម៉ែ ជាមួយឆ្កែឆ្មា ដែលជាក្តីសុខពិតប្រាកដរបស់លោក»។
ងាកទៅមើលអ្នកគាំទ្រ ក្រោយឃើញតារាប្រុស Nak Charlie បង្ហោះបែបនោះ ក៏អាចសន្និដ្ឋានបានថា ទំនាក់ទំនងស្នេហារបស់ Nak Charlie និង ស្រីស្រស់ Kaykai Salaider ពិតជាប្រេះឆាមែន តែយ៉ាងណាគេក៏រង់ចាំការបកស្រាយបំភ្លឺពីសាមីខ្លួនដែរ ដើម្បីប្រាកដចិត្តថាជារឿងពិត៕