លេងឈុតធំហើយ! ជី ដេវីត ប្រកាសត្រូវការ ១៥០០០ នាក់ ចូលរួមមហោស្រពតន្រ្តីរបស់ខ្លួនខែក្រោយ ឱ្យផ្អើលប្រទេស
កាលពីល្ងាចថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កំពូលតារាចម្រៀងរ៉េប ជី ដេវីត បានទម្លាក់មហោស្រពតន្រ្តីរបស់ខ្លួនថ្មីមួយទៀត ដែលនឹងប្រព្រឹត្តក្នុងខែវិច្ឆិកាខាងមុខនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកជាច្រើនទន្ទឹងរង់ចាំថ្ងៃនោះឱ្យមកដល់ឆាប់ៗយ៉ាងអន្ទះសា។
ក្នុងថ្ងៃដដែលនោះ ជាមួយនឹងភាពជឿជាក់ ព្រមទាំងចង់បង្កើតបទពិសោធសប្បាយរីករាយថ្មីមួយដែលមិនអាចបំភ្លេចបានជាមួយនឹងអ្នកគាំទ្រ លោក ជី ដេវីត ក៏បានយកគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចែករំលែក Poster ប្រគំតន្រ្តីបន្តពីផេកផ្លូវការ ដោយភ្ជាប់ជាមួយនឹង Caption យ៉ាងអង់អាចថា ៖ «We need 15000 នាក់ (ពួកយើងត្រូវការគ្នា ១៥០០០ នាក់)។ ដាក់ឱ្យផ្អើលប្រទេសមើល៍!»។
គួរឱ្យដឹងផងដែរថា ការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងរ៉េប ជី ដេវីត មានឈ្មោះថា «STING MUSICVERSE FESTIVAL» នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែវិចិ្ឆកា ឆ្នាំ ២០២៣ នៅឯទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ១០ យប់។ រីឯសំបុត្រចូលរួមមានតែមួយប្រភេទតែប៉ុណ្ណោះគឺ ប្រភេទ Standard ដែលមានតម្លៃ ៨០០០ រៀល ក្នុង ១ សំបុត្រ៕