មកដល់ទីដីកំណើត អ្នកនាង អម្ពរ ទេវី ដឹកដៃស្វាមីទៅលេងទឹកដីអង្គរវត្ត ហើយពោលយ៉ាងមានន័យគួរឱ្យគោរព
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាភាពយន្តជើងចាស់ អ្នកនាង អម្ពរ ទេវី ច្បាស់ជាបានជ្រាបមកហើយ ពីវត្តមានមកកាន់ប្រទេសកម្ពុជាជាថ្មី ដើម្បីចូលរួមសម្តែងខ្សែភាពយន្តប្រវត្តិសាស្រ្តខ្នាតធំ «អប្សរាមហាអង្គរ»។
ការមកដល់ទឹកដីកំណើតនេះដែរ អ្នកនាង អម្ពរ ទេវី ក៏បានចាប់ផ្តើមការងារសម្តែងខ្សែភាពយន្តខាងលើជាបន្តបន្ទាប់ ដោយក្នុងនោះរូបភាពក្រៅឆាកជាច្រើនសន្លឹករបស់អ្នកនាង ក៏ត្រូវបានបង្ហាញនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ហ្វៃ សំអាង អ្នកនិពន្ធ និង ដឹកនាំរឿង «អប្សរាមហាអង្គរ» ផងដែរ។
ដោយឡែក ក្រោយពីមកដល់កម្ពុជា និង ឆ្លៀតពេលសម្រាកពីការសម្តែង ថ្មីៗនេះអ្នកនាង អម្ពរ ទេវី បានបង្ហោះរូបភាពអមនឹងសារយ៉ាងមានអត្ថន័យនៅលើទឹកដីប្រាសាទអង្គរវត្តថា ៖ «ខ្ញុំញញឹមដោយភាពកក់ក្ដៅ នៃទឹកដីដ៏បវរនៃយើង។ មាតុភូមិក្នុងបេះដូង! អង្គរវត្ត Cambodia»។
ក្រៅពីរូបភាពស្រស់ស្អាត អមនឹងសារមានន័យ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅរូបភាពជាគូរបស់អ្នកនាង អម្ពរ ទេវី និង ស្វាមី មើលទៅផ្អែមល្ហែមយ៉ាងខ្លាំង មិនថានៅទីកន្លែងណា ពោលគឺដូចជាគូស្នេហ៍ថ្មីថ្មោងយ៉ាងដូច្នោះ៕