មិនចប់ឡើយ! សង្គ្រាមស្នេហា Jes និង Vill នៅតែដុតកម្លោចចិត្តអ្នកគាំទ្រឱ្យឆេះក្តៅគគុក
ជាការពិតណាស់ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងប្រុស Jes Jespipat និង ស្រីស្រស់ Vill Wannarot បានបញ្ចប់ទៅហើយ ក្រោយពីស្រឡាញ់គ្នាបានរយៈពេល ៤ ឆ្នាំ។ ទោះបីជាប្រកាសបញ្ចប់គ្នាដោយស្ងប់ស្ងាត់ក៏ដោយ ក៏ស្នេហាមួយគូនេះហាក់មិនចប់ទៅងាយៗដែរ ព្រោះថាមកទល់ពេលនេះហើយអ្នកទាំងពីរហាក់បង្ហាញនូវការបង្ហោះផ្លែផ្កាឱ្យគ្នាទៅវិញទៅមកទៀតរហូតក្លាយជារឿងក្តៅគគុកដល់អ្នកគាំទ្រទាំងសងខាង។
តួយ៉ាងថ្មីៗនេះ តារាស្រី Vill បង្ហោះសារលើគណនីអ៊ីនស្តាក្រាមរបស់នាងថា ៖ «ធ្វើចិត្តឱ្យស្ងប់ ហើយដោះលែងឱ្យកម្មជាអ្នកធ្វើការជំនួសចុះ»។ អាចជារឿងចៃដន់ក៏ថាបាន ងាកទៅមើល Jes វិញ គ្រាន់តែ Vill បង្ហោះបែបនោះមក អ្នកកំលោះរូបនេះក៏បង្ហោះថា ៖ «ពាក្យកុហកដែលឮបំផុតគឺសូរសំឡេងនៅពេលដែលយើងកុហកខ្លួនឯង»។
មិនចប់ឡើយ ពាក្យផ្លែផ្កានៅតែលេចឡើងជាបន្តបន្ទាប់ ដោយស្រីស្រស់ Vill បានបង្ហោះបន្តថា ៖ «បើធ្វើជាមនុស្សល្អមិនបានក៏បិទមាត់ទៅ»។ ដោយឡែក ងាកទៅមើលអ្នកគាំទ្រតារាប្រុសស្រីទាំងពីរវិញ ខណៈឃើញ Idol របស់ខ្លួនបង្ហាញពាក្យផ្លែផ្កាដូចនោះ គេឃើញថាបានចូលទៅបញ្ចេញមតិកាន់ជើងរៀងៗខ្លួនរហូតក្លាយជាសង្រ្គាមពាក្យសម្ដីមិនចេះចប់មិនចេះហើយ៕