រយៈពេល ៩ ឆ្នាំ The Voice Cambodia រកបានម្ចាស់ពាន ៣ រូប ម្នាក់ៗសុទ្ធតែជើងខ្លាំងមានសំឡេងល្អ
ថ្មីៗនេះ កម្មវិធី The Voice Cambodia រដូវកាលទី ៣ បានស្វែងរកឃើញហើយម្ចាស់ជ័យលាភី ដោយបានទៅលើកញ្ញា លឹម សេរីហាន់នីកា វ័យ ១៦ ឆ្នាំប៉ុណ្ណោះ ដែលនាងជាបេក្ខនារីដ៏វ័យក្មេងជាងគេម្នាក់ និង ទទួលបានការចុចបូតុងតែមួយគត់ពី Coach ពេជ្រ សោភា។ ជ័យជម្នះរបស់ក្មេងស្រីរូបនេះដែរ បានទទួលការអបអរសាទរយ៉ាងខ្លាំងពីមហាជន និង អ្នកគាំទ្រយ៉ាងច្រើន ដោយសារសមត្ថភាព និង ការតាំងចិត្តមិនរួញរាក្រោមការបង្វិកពីតារាចម្រៀង ពេជ្រ សោភា។
បើងាកត្រឡប់ក្រោយ មុនកញ្ញា លឹម សេរីហាន់នីកា លើកពាននេះ ពីកម្មវីធី The Voice Cambodia ក៏បានធ្វើឡើងមកអស់ពីររដូវកាលផងដែរ ដោយម្ចាស់ពានទាំង ២ រដូវកាលនោះ សុទ្ធសឹងតែមានសម្ថតភាពខ្លាំង និង ទេពកោសល្យខ្ពស់ ក្នុងនោះរួមមាន ៖
១. លោក ប៊ុត សីហា
ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ឆ្នាំ ២០១៤ បានទៅលើ ប៊ុត សីហា ដែលជាកូនក្រុមរបស់ Coach ឆន សុវណ្ណរាជ ក្រោយពីក្លាយទៅជាម្ចាស់ពានរួចមក គេសង្កេតឃើញថាកេរ្ដិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញសុសសាយពេញប្រទេស ហើយបទចម្រៀងផ្ទុះមានការគាំទ្រយ៉ាងខ្លាំងមានបទ «សមមុខហើយយំស្ដាយក្រោយ» «ព្រមឱ្យបោក ព្រមថោក ព្រមស្រឡាញ់» និង បទល្បីៗជាច្រើនទៀត ប៉ុន្តែយ៉ាងណា ដោយសាររឿងអាស្រូវកកកុញពេកបានធ្វើឱ្យប្រជាប្រិយភាពម្ចាស់ពានរូបនេះធ្លាក់ចុះជាលំដាប់ សឹងតែហៅលែងឮ។
២. លោក ធែល ថៃ
ម្ចាស់ពាន The Voice Cambodia រដូវកាលទី ២ ឆ្នាំ ២០១៦ គឺជាលោក ធែល ថៃ ដែលជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ហើយក្រោយពីបានក្លាយជាម្ចាស់ពានភ្លាម កេរ្ដិ៍ឈ្មោះរបស់លោកក៏ហាក់ស្ទុះល្បីល្បាញដែរ ដោយម្ចាស់ពានរូបនេះបានចេញជាបទម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស មានដូចជា បទ «ចង់ទៅ ទៅៗ» ជាដើម ហើយលោកក៏បានប្រឡូកចូលក្នុងវិស័យភាពយន្តថែមទៀតផង៕