(វីដែអូ) ភឹម ស្រីនោ ឡើងយន្តហោះទៅប្រកួត MGI 2023 នៅវៀតណាម ត្រូវមហាជនជូនដំណើរស្កះពេញព្រលាន
នៅពេលនេះកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Grand International 2023 កំពុងតែបើកឆាកប្រកួតហើយនៅទីក្រុងហាណូយប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ មកដល់ថ្ងៃនេះគេឃើញថាមានបេក្ខភាពប្រកួតជាច្រើនមកពីជុំវិញពិភពលោកកំពុងតែធ្វើដំណើរ និង បេក្ខភាពខ្លះទៀតក៏បានទៅដល់ប្រទេសវៀតផងដែរ។
ក្នុងឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាហាក់សម្គាល់ឃើញថាបេក្ខភាព Miss Grand International 2023 ម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្លាំងៗ និង សម្រស់ស្អាតៗ ដែលជាហេតុនាំឱ្យពិបាកទស្សន៍ទាយថាកំពូលរាជិនីសម្រស់រូបណាក្លាយជាម្ចាស់មកុដ។
ដោយឡែក នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ នេះ កញ្ញា ភឹម ស្រីនោ ដែលជា Miss Grand Cambodia 2023 ក៏បានរៀបចំចេញដំណើរទៅប្រកួតនៅប្រទេសវៀតណាមដែរ។ ជាមួយនឹងការទៅប្រកួតនេះ គេឃើញមានមហាជនអ្នកគាំទ្រខ្មែរជាច្រើនបានទៅជូនដំណើរ និង ផ្តល់កម្លាំងចិត្តដល់កញ្ញា ភឹម ស្រីនោ ដែលត្រូវតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ សម្រាប់កញ្ញា ភឹម ស្រីនោ ត្រូវបានស្ថាប័ន Miss Grand Cambodia រៀបចំជាក្បួនដង្ហែយ៉ាងអធិអធមរួមជាមួយនឹងស៊ូក្លូជាច្រើន។ ងាកទៅមើលអ្នកគាំទ្រវិញ ស្រែកហ៊ោលើប៉ាយឈ្មោះកញ្ញា ភឹម ស្រីនោ ស្ទើរតែកក់កុញពេញព្រលានយន្តហោះ៕