សុខ រ៉ាស៊ី បង្ហោះសារសុំទោស Coach ពេជ្រ សោភា ជាសាធារណៈដែលធ្លាប់មើលស្រាលសមត្ថភាព ហាន់នីកា
ពិតណាស់ នៅរាត្រីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និង រកឃើញម្ចាស់ជ័យលាភីឈ្នះពានក្នុងរដូវកាលថ្មីនេះហើយ គឺបានទៅលើកញ្ញា លឹម សេរីហាន់នីកា កូនក្រុមរបស់ Coach ពេជ្រ សោភា។
ជាមួយនឹងជ័យលាភីនេះដែរ លឹម សេរីហាន់នីកា ទទួលបានការអបអរសាទរ និង ស្រឡាញ់ពេញចិត្តខ្លាំងពីមហាជនអ្នកគាំទ្រស្ទើរទូទាំងប្រទេស ក៏ដូចជារៀមច្បងអ្នកសិល្បៈជាច្រើនក៏ពោលសរសើរជាមួយនឹងសមត្ថភាពដ៏លេចធ្លោរបស់នាងផងដែរ។
ទន្ទឹមនឹងនោះ ក្រឡេកទៅចាប់អារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុករបស់ពិធីករ សុខ រ៉ាស៊ី ដែលជាពិធីករក្នុងកម្មវិធី The Voice Cambodia រដូវកាលនេះដែរ ក៏បានបង្ហោះសារពីម្ចាស់ពាន លឹម សេរីហាន់នីកា និង និយាយសុំទោសដល់ Coach ពេជ្រ សោភា ដែលធ្លាប់មើលស្រាលសមត្ថភាពកូនក្រុមរូបនេះរបស់អ្នកនាង ដោយមិននឹកស្មានថា នីកា មានសមត្ថភាពខ្លាំងមិនធម្មតាក្រោយទទួលបានការបង្វឹកពី Coach ពេជ្រ សោភា។
ក្នុងនោះ លោក សុខ រ៉ាស៊ី បានសរសេររៀបរាប់ថា ៖ «មួយកៅអីដ៏មានន័យ សុំទោស ពេជ្រ សោភា ដែលបងមើលស្រាល សមត្ថភាពនារីវ័យក្មេងម្នាក់នេះពីដំបូង បងគិតថាសមត្ថភាពបេក្ខនារីវ័យក្មេងនេះខ្លាំងមិនទាន់ជាដៃគូប្រកួតជាមួយបេក្ខជនខ្លាំងៗជាច្រើនទៀត នៅក្នុងកម្មវិធី The Voice Cambodia កុំតែបានបទ ៖ ក្តាមស្រែ រ៉េប ទើបបានមកដល់វគ្គនេះ! តែការបង្វឹករបស់ ពេជ្រ សោភា តែមួយមុខគត់ដែលធ្វើឱ្យគាត់ខ្លាំងនឹកស្មានមិនដល់យ៉ាងឆាប់រហ័ស ជាពិសេសការ៉េបពីក្មេងស្រីម្នាក់ ដែលច្រៀងតែបទបែបស្រគត់ស្រគំ ទៅជាច្រៀងបទសប្បាយ បទរ៉េប នាំគេសប្បាយពេញឆាកបាន! សុំទោសជាសាធារណៈ ពេជ្រ សោភា Pich Sophea»៕
រូបភាព៖ Mrr Phing