វិលត្រឡប់មានគុណភាព! ហាន់នីកា ពីកុមារីប្រកួតកម្មវិធី Cambodia Idol Junior ក្លាយជាម្ចាស់ពាន The Voice Cambodia
ក្រោយពីការបញ្ចប់ការប្រកួត The Voice Cambodia រដូវកាលទី ៣ និង ស្វែងរកម្ចាស់ពានឃើញ ដោយបានទៅលើបេក្ខជនវ័យក្មេងបំផុត គឺកញ្ញា លឹម សេរីហាន់នីកា កូនក្រុមរបស់ Coach ពេជ្រ សោភា ហើយនោះ មហាជនកំពុងបន្តលើកយកការប្រកួតនេះ មកធ្វើជាប្រធានបទនៅលើបណ្តាញសង្គមនៅឡើយ។
ជាការពិត ជោគជ័យលើឆាកប្រកួតរបស់ សេរីហាន់នីកា ធ្វើឱ្យអ្នកគាំទ្រ ព្រមទាំងមិត្តរួមប្រកួតទាំងអស់រំភើប និង ពេញចិត្តនូវលទ្ធផលនេះយ៉ាងខ្លាំង ក៏ព្រោះ សេរីហាន់នីកា បានអភិវឌ្ឍន៍ខ្លួនបានយ៉ាងឆាប់រហ័សដោយមានសមត្ថភាព រហូតដណ្តើមបានជ័យជម្នៈ និង ក្លាយជាតារាចម្រៀងជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។
ងាកទៅកុមារភាពឯនោះវិញ លឹម សេរីហាន់នីកា ក៏ធ្លាប់បានចូលរួមប្រកួតកម្មវិធី Cambodia Idol Junior រដូវកាលទី ១ អំឡុងឆ្នាំ ២០១៩ ដោយកាលនោះនាងមានអាយុ ១១ ឆ្នាំ។ កាលចូលរួមប្រកួតលើកនោះ សេរីហាន់នីកា បានបោះជំហានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។
ក្រោយបញ្ចប់ការប្រកួតក្នុងនាមជាកុមារី សេរីហាន់នីកា មានក្តីស្រមៃចង់ក្លាយជាតារាចម្រៀង ហើយបានធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរយ៉ាងខ្លាំង ដោយត្រឹមរយៈពេលប្រមាណជាង ៤ ឆ្នាំ នាងបានប្រែខ្លួនក្លាយទៅជាយុវតីដ៏មានគុណភាព មានទឹកដមសំឡេងពីរោះដណ្តើមបានអ្នកគាំទ្រ និង ឆក់យកពានរង្វាន់ The Voice Cambodia រដូវកាលទី ៣ បាន៕
រូបភាពៈ Mrr Phing