ហេង វិសាល ភ្ញាក់ផ្អើលខ្លាំង ក្រោយបានឃើញរូបថតលោក ត្រូវគេយកទៅផ្សព្វផ្សាយល្បែងសុីសង Online
មហាជន ភាគច្រើនប្រាកដជាបានស្គាល់ហើយ ហេង វិសាល Youtuber ដ៏មានប្រជាប្រិយភាព ហើយក៏អាចនិយាយបានថា លោកគឺជា idol របស់យុវវ័យជាច្រើន។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣ នេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយកក្រើកពេញនៅលើបណ្តាញសង្គម ក្រោយពី ហេង វិសាល បានប្រកាសថា មានផេកល្បែងសុីសង Online មួយ បានដាក់រូបភាពលោក ដើម្បីផ្សព្វផ្សាយការរកសុីរបស់ខ្លួន។
ក្នុងនោះ ហេង វិសាល បានបង្ហោះរៀបរាប់ទាំងភ្ញាក់ផ្អើលនៅលើហ្វេសប៊ុកផេកថា ៖ «ព្រឹកមិញនេះមិត្តភក្តិរបស់ខ្ញុំបានផ្ញើរូបមួយមកខ្ញុំ ដែលមានរូបខ្ញុំនៅលើផ្ទាំងផ្សព្វផ្សាយល្បែង សុីសង Online ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនទាំងនោះបានហ៊ានយករូបភាពរបស់ខ្ញុំទៅប្រើប្រាស់ផ្សព្វផ្សាយល្បែងសុីសងយ៉ាងនេះ បើឃើញសូមមេត្តាលុបចេញជាបន្ទាន់។ សម្រាប់ខ្ញុំផ្ទាល់ គោលការណ៍របស់ខ្ញុំ គឺខ្ញុំមិនទទួលផ្សព្វផ្សាយ ល្បែងសុីសង ក៏ដូចជាគ្រឿងស្រវឹងនោះទេ។ អរគុណ»៕