ភ្ញាក់ផ្អើល! រឿងចិនដំបូងប្រើ AI ធ្វើជាតួឯកស្រី កំពុងល្បីមានមុខស្រដៀងនឹង Angela Baby
ថ្មីៗនេះ រឿងភាគចិន «I Am Nobody» កំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ដោយសារតែការរើសជ្រើសយកតួសម្ដែងដែលបង្កើតឡើងដោយបញ្ញាសិប្បនិមិត្ត (AI)។
នេះបើតាមគេហទំព័រ «Manga The Outcast» បានឱ្យដឹងថា ការផលិតតួសម្ដែងជា AI ឱ្យដើរតួជាមួយនឹងតួអង្គក្នុងជីវិតពិត គឺជាការផលិតឡើងលើកដំបូងក្នុងប្រទេសចិន ដោយតួអង្គ AI ដែលមានឈ្មោះថា Li Li បានក្លាយជាតួឯកស្រី Er Zhuang ដែលជាមនុស្សម្នាក់មានញ្ញាណអាចដឹងពីចិត្តគំនិតរបស់អ្នកដទៃ។
គួរឱ្យដឹងបន្ថែមទៀតថា ការផលិតតួសម្ដែងជា AI នេះ គឺគេបានចំណាយពេលរហូតដល់មួយខែដើម្បីប្រើប្រាស់ CGI និង ប្រើពេលមួយសប្ដាហ៍ដើម្បីបង្កើតតួស្រីសិប្បនិម្មិត។
ទោះជាយ៉ាងណា បន្ទាប់ពីមុខមាត់របស់តួសម្ដែង AI នេះបានល្បីសុះសាយនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដោយសារតែនាងមានមុខមាត់ស្រដៀងនឹងតារាសម្ដែងចិនជួរមុខ Angela Baby។
ក្នុងនោះដែរ ទស្សនិកជនជាច្រើនក៏បានបញ្ចេញមតិលើកឡើងថា៖ «នាងមើលទៅពិតជាដូចមនុស្សពិតណាស់» និងមតិផ្សេងទៀត «ចិញ្ចើមនាងក្រាស់ និង ទម្រង់មុខដូចជា Angela Baby ខ្លាំងណាស់» ទោះជាយ៉ាងណា គ្រាន់តែជាមតិមួយចំនួនដែលនិយមលេងអ៊ីនធឺណេតប៉ុណ្ណោះ៕