រំជួលចិត្ត! ឮគេប្រកាសថាជាប់ភ្លាម លឹម សេរីហាន់នីកា ងាកក្រោយរត់កាត់កាំជ្រួចទៅក្រាបសំពះលោកគ្រូភ្លេងយ៉ាងរំភើប
កាលពីរាត្រីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយកម្មវិធីបានស្វែងរកឃើញម្ចាស់ពានរង្វាន់ហើយ គឺបានទៅលើកញ្ញា លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់ Couch ពេជ្រ សោភា។
ប្រិយមិត្តបានដឹងមកហើយថា កម្មវិធី The Voice Cambodia បានធ្វើឡើង ៣ រដូវកាលមកហើយ ដោយរដូវកាលមុនៗគេបានស្វែងរកឃើញម្ចាស់ជ័យលាភីដែលមានសមត្ថភាព និង មានទឹកដមសំឡេងពីរោះ ដែលក្នុងនោះគេបានដឹងថាជាកូនក្រុមរបស់ Couch ឆន សុវណ្ណារាជ និង កូនក្រុមរបស់ Couch ឱក សុគន្ធកញ្ញា។ ដោយឡែកសម្រាប់កូនក្រុមលោក ណុប បាយ៉ារិទ្ធ និង អ្នកនាង ពេជ្រ សោភាព នៅមិនទាន់មានកូនក្រុមដែលបានទទួលជ័យជម្នះនៅឡើយទេ។
យ៉ាងណាមិញ ចំពោះរដូវកាលទី ៣ នេះ កូនរបស់ Couch ពេជ្រ សោភា បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទទួលបានជ័យលាភីឈ្នះពានរង្វាន់យ៉ាងកក្រើក បន្ទាប់ពីទទួលបានត្រឹមតែមួយកៅអីពីតារាចម្រៀង ពេជ្រ សោភា។ ជ័យលាភីនេះដែរ បានធ្វើឱ្យតារាចម្រៀង ពេជ្រ សោភា និង មហាជនអ្នកគាំទ្ររំភើបចិត្តឥតឧបមា និង សាទរយ៉ាងច្រើនកុះករថែមទៀតផង។
ជាមួយការអបអរសាទរនោះ អ្វីដែលកាន់តែធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺពេលប្រកាសឈ្មោះថា លឹម សេរីហាន់នីកា បានឈ្នះក្លាយជាម្ចាស់ជ័យលាភីនោះ គេបានឃើញទង្វើមួយរបស់នាង ដោយភ្លាមៗនោះនាងបានងាកក្រោយរត់សំដៅទៅរកលោកគ្រូភ្លេង សាន សុវណ្ណឌីន ហើយបានឱនសំពះអរគុណដល់លោកគ្រូ សាន សុវណ្ណឌីន ដល់បាតជើងយ៉ាងរំភើប។
ទង្វើរបស់ម្ចាស់ពានរូបនេះដែរ ទទួលបានពាក្យលើកសរសើរពីសំណាក់មហាជនយ៉ាងច្រើន ដែលសូម្បីតែលោកគ្រូ សាន សុវណ្ណឌីន ផ្ទាល់ក៏មានការភ្ញាក់ផ្អើល និង សរសើរដល់ ហាន់នីកា ផងដែរលើទង្វើដ៏ល្អនេះ រហូតលោកបានលើកឡើងលើហ្វេសប៊ុកថា ៖ «ខ្ញុំពិតជាស្មានមិនដល់ថាកូនស្រីម្នាក់នេះ រត់មករកខ្ញុំទាំងដែលឆ្លងកាត់ភ្លើងកាំជ្រួចកំពុងតែដំណើរការ។ បញ្ជាក់គាត់តែងតែហៅខ្ញុំថាប៉ាៗ ពេលដែលគាត់និយាយជាមួយខ្ញុំម្ដងៗ ហើយអាយុរបស់គាត់ក៏ស្មើនឹងកូនស្រីច្បងរបស់ខ្ញុំដែរ ហើយក៏អរគុណ Tey Tey សិស្សល្អរបស់គ្រូ សម្រាប់ Video នេះ»៕