លាក់មុខកូនជិតមួយឆ្នាំ Son Ye Jin ទើបធ្លោយមាត់ប្រាប់អ្នកគាំទ្ររឿងទម្រង់មុខកូន កាត់រកអ្នកណា
បន្ទាប់ពីសម្រាលកូនហើយ តារាសម្ដែងស្រី Son Ye Jin បានបាត់មុខពីសិល្បៈមួយរយៈ ដើម្បីយកពេលវេលាផ្ទាល់ខ្លួនមើលថែក្រុមគ្រួសារតូចរបស់នាង អស់ជិតមួយឆ្នាំ ប៉ុន្តែកាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ បានមានវត្តមានយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងកម្មវិធីវាយកូនហ្គោលមួយ។
ក្នុងកម្មវិធីនោះដែរ តារាស្រីរូបនេះ បានផ្តល់បទសម្ភាសមួយចំនួន ជាមួយនឹងពិធីករទាក់ទងនឹងកូនប្រុសរបស់នាង ដែលបានកើតកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ គិតមកដល់ពេលនេះ គេមានអាយុជិតមួយឆ្នាំហើយ ប៉ុន្តែនាងមិនដែលបង្ហាញមុខកូនតូចរបស់នាង និងតារាសម្ដែង Hyun Bin ជាសាធារណៈឡើយ។
បើទោះជា Son Ye Jin នៅតែព្យាយាមលាក់បាំងមុខមាត់កូនរបស់នាងមិនឱ្យសាធារណជនឃើញក៏ដោយ ប៉ុន្តែនាងក៏បានបង្ហើបប្រាប់ជាសាធារណៈ នៅក្នុងកម្មវិធីនោះដែរថា កូនប្រុសរបស់នាងមើលទៅមានមុខមាត់ស្រដៀង នាង និង ស្វាមី ប៉ុន្តែកូនប្រុសរបស់នាងមើលទៅដូចនាងច្រើនជាង។
ជាមួយគ្នានោះដែរ Son Ye Jin ក៏បាននិយាយបន្ថែមទាក់ទងនឹងការងារក្នុងសិល្បៈរបស់នាង បើទោះជានាងមិនបានសកម្មដូចពីមុនក៏ដោយ ប៉ុន្តែនាងនៅតែបន្តអាជីពជាង ២០ ឆ្នាំរបស់នាងដដែល គ្រាន់តែពេលនេះ នាងចង់ចំណាយពេលលើគ្រួសារច្រើនជាងការងារ៕