មិននឹកស្មានសោះថាអតីតជើងខ្លាំង Cambodia Idol ឡាច ណុច ធ្លាប់ជាអ្នកប្រដាល់គុនខ្មែរតាំងពីក្មេង
ជឿជាក់ថាមហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី ៤ ច្បាស់ជាបានស្គាល់ហើយបេក្ខភាព ឡាច ណុច ដែលជាបេក្ខភាពឆ្នើមមួយរូបក្នុងកម្មវិធី ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនជាច្រើន ដោយបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គអាចឈានដល់វគ្គ Live Show សប្តាហ៍ទី ៥។
ក្រោយពីការចាកចេញពីកម្មវិធីអស់រយៈពេលជាង ១ ឆ្នាំមក ឡាច ណុច បានផ្លាស់ប្តូរជីវិតរបស់ខ្លួនស្ទើទាំងស្រុងពីក្មេងម្នាក់ដែលមានខ្សែរជីវិតកម្សត់រស់នៅឯកាតាំងពីតូច ប្រែជាមានមហាជនក្នុងប្រទេសជាច្រើនស្រឡាញ់និងគាំទ្រលោក មិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានស្ថានីយ៍ប៉ុស្តិទូរទស្សន៍មួយចំនួនអញ្ជើញទៅច្រៀងទៀតផង។
ដោយឡែកថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាតារាចម្រៀងរូបនេះ ក្រៅពីអាជីពជាអ្នកសិល្បៈតាមពិតលោកក៏ជាជើងប្រដាល់ក្បាច់គុនខ្មែរមួយរូបដែរ បើតាមការសន្ទនាជាមួយ «ប្រជាប្រិយ» លោកបានរៀបរាប់ថា ៖ «ចំពោះការវៃប្រដាល់នេះដែរ គឺលោកបានហាត់តាំងពីអាយុ ៧ ឆ្នាំមកម្ល៉េះ តែដល់ពេលធំឡើងលោកក៏បានស្រឡាញ់ផ្នែកច្រៀងវិញម្តង តែលោកក៏មិនបានបោះបង់អាជីពនោះឡើយ លោកនៅតែបន្តក្តោបឱកាសទាំងពីរនេះ»៕