ទប់លែងបាន! Rick Kh ថា លោកមិនល្អឥតខ្ចោះដូចព្រះទេ ក្រោយរងមតិរិះគន់ពាក់ព័ន្ធការបង្ហាញសំណង់នៅថៃ
កាលពីរាត្រីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ Content Creator ដ៏ល្បី Rick Kh បានចេញវីដេអូប្រមាណជិត ១០ នាទី បង្ហាញទិដ្ឋភាពទាំងខាងក្នុង និង ខាងក្រៅ ព្រមទាំងបានបកស្រាយច្បាស់ៗជុំវិញសំណង់ប្រាសាទសីហនគរ ដែលស្ថិតក្នុងខេត្តបុរីរម្យរបស់ប្រទេសថៃ មានកំពូលបីស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ បានធ្វើឱ្យមហាជនខ្មែរជាច្រើននាក់ មានមតិវែកញែកខុសៗពីគ្នាព្រាតពេញបណ្ដាញសង្គមអ៊ីនធឺណេត។
ជាមួយការវែកញែកគ្នាទាំងនោះ ក៏មានមតិខ្លះយល់ស្រប ពេញចិត្តទៅនឹងការបកស្រាយរបស់លោក ដោយឡែកក៏មានមតិខ្លះទៀតបានសម្ដែងការមិនពេញចិត្តទៅនឹងការបង្ហាញ និង ពន្យល់របស់លោកនោះទេ ព្រមទាំងរិះគន់លោកពេញៗមាត់ផងដែរ រហូតធ្វើឱ្យលោកបានបង្ហោះសារទម្លាយអារម្មណ៍ក្នុងចិត្តទាំងព្រឹកតែម្ដង។
ក្រោយមានការរិះគន់ Rick Kh ក៏បានលើកឡើងថា ៖ «ជ្រុលជាជាប់មាត់ជាប់កហើយ ខ្ញុំសូមជម្រាបបងប្អូនផេកខ្លះ ក្នុងនាមជាខ្មែរដូចគ្នា បើខ្ញុំខ្វះខាតកន្លែងណា បង ឬក៏ប្អូនអាចទៅជំនួសខ្ញុំបាន ហើយធ្វើវីដេអូបង្ហាញបន្ថែមមក។ ខ្ញុំមិនល្អឥតខ្ចោះដូចព្រះទេ ខ្ញុំក៏ពុំមានពេលច្រើនធ្វើតាមសម្ដីបងប្អូនដែលស្រែកថាឱ្យខ្ញុំព្រឹកល្ងាចដែរ»។
លោកបន្ថែមទៀតថា ៖ «ការរួមគ្នាជាចំណែកជួយសង្គម គឺមិនមែនសើចចំអក និយាយមើលងាយ ឬស្អប់ខ្ពើមគេទាំងខ្លួនឯងពុំបានចុះសកម្មភាព ឬបង្ហាញមុខសោះនោះទេ។ មនុស្សខ្លួនមួយ ឱ្យបំរើសេចក្តីត្រូវការគេ ១លាននាក់ខ្ញុំមិនអាចធ្វើបានទេ ខ្ញុំមិនមែនមនុស្សយន្តឡើយ។ ខ្ញុំគ្រាន់តែផ្តាំថា មានការអប់រំខ្ពស់ ចូរមានការយោគយល់ខ្ពស់ផង ខ្វះខាតអ្វី បន្ថែមអ្វី ចេញមកធ្វើមក កុំអត់មានប្រូហ្វាល់ស្តីថាឱ្យគេ ដោយអត់ព្រមចេញមុខធ្វើបន្តិចសោះ ខ្ញុំសុំចិត្ត»៕