ហ៊ានស៊ីហ៊ានសង! លីម តិចម៉េង ប្រកាន់ជំហរមិនលេបសម្ដី ដែលបានខ្ជាកទៅហើយដាច់ខាត
ការសាងសង់ប្រាសាទរបស់ប្រទេសថៃ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌរបស់ប្រទេសកម្ពុជា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ត្រូវបានមហាជនខ្មែរ ទាំងក្នុងស្រុក និង ក្រៅប្រទេស នាំគ្នាផ្ទុះប្រតិកម្មមិនពេញចិត្តជាខ្លាំង ដោយមានប្រជាជនកម្ពុជាជាច្រើន បានបង្ហោះសារតាមគំនិតរបស់ពួកគេរៀងៗខ្លួន។
រឿងរ៉ាវដ៏រសើបមួយទៀត ដែលនៅពីក្រោយការសាងសង់ប្រាសាទរបស់ថៃនោះ គឺមានពាក្យចចាមអារ៉ាមលើកឡើងថា ក៏មានកូនខ្មែរចូលរួមសាងសង់សំណង់របស់ថៃនេះ ក្នុងតម្លៃឈ្នួលច្រើនទ្វេគុណ។ តែទោះជាយ៉ាងណា មកដល់ពេលនេះ នៅមិនទាន់មានភស្ដុតាងជាក់លាក់ណាមួយដែលអាចបញ្ជាក់ថា កូនខ្មែរយើងបានចូលរួមសាងសង់សំណង់នោះឡើយ។ ដោយមានការនិយាយតៗគ្នាពីពាក្យចចាមអារ៉ាមមួយនេះ លីម តិចម៉េង បានចែករំលែកការផុសមួយ ហើយបង្ហាញពីអារម្មណ៍ឈឺចាប់ខ្លាំង បើសិនរឿងនេះជាការពិត។
ការបញ្ចេញមតិរបស់ លីម តិចម៉េង ធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនព្រួយបារម្ភថា តារាចម្រៀងរូបនេះ អាចនឹងធ្លាក់ប្រជាប្រិយភាពដោយសាររឿងនេះ និង សូមឱ្យ តិចម៉េង លុបការផុសនោះចោល។
ងាកមក លីម តិចម៉េង វិញ ក៏ប្រកាន់ជំហរថា ៖ «មានបងប្អូនយើងច្រើនណាស់ដែលបារម្ភ និង ស្នើឱ្យខ្ញុំលុប share លុប post ដែលអាចប៉ះពាល់ ឬ មានរឿងអាស្រូវមិនល្អតាមរយៈសារព័ត៌មានផ្សេងៗ តែខ្ញុំសូមជម្រាបថា ៖ ខ្ញុំមិនរត់គេច ឬ ខ្លាចរាល់អ្វីដែលខ្ញុំបាននិយាយ បានធ្វើនោះឡើយ ជាពិសេសវប្បធម៌ដូនតាបន្សល់ទុកមករាប់ពាន់ឆ្នាំមកនេះ ក្នុងនាមជាខ្មែរម្នាក់ ខ្ញុំមិនខ្វល់ថាអ្នកណាគិតបែបណានោះឡើយ ខ្ញុំមានពាក្យជូនតែ១ឃ្លាគត់គឺ ខ្ញុំកើតលើផែនដីនេះ ខ្ញុំមិនក្បត់ផែនដីមួយនេះជាដាច់ខាត ទោះបីខ្ញុំមិនបានសងគុណដល់ផែនដីនេះក៏ដោយយ៉ាងហោចណាស់ខ្ញុំក៏មិនក្បត់នឹងមនសិកាខ្លួនឯងមួយជីវិត។ ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួល នេះជាឆន្ទៈខ្ញុំរហូត១ជីវិត សូមអរគុណ»៕