បាត់មុខឈឹងលើសិល្បៈ តាមពិត ម៉ារី សំងំធ្វើរឿងចិត្តបុណ្យទៅលើសុនខ និង ឆ្មា កំពុងផ្ទុះការសរសើរយ៉ាងខ្លាំង
មហាជន ជាពិសេសយុវវ័យ ដែលធ្លាប់ទស្សនាខ្សែភាពយន្តភាគខ្លី «Campus Love Story» ដែលមានតារាចម្រៀង Original Song លោក សាយ បានសម្តែងជាតួឯកនោះ ច្បាស់ជាបានស្គាល់ហើយកញ្ញា ម៉ារី ដែលជាតួឯកស្រីនៅក្នុងរឿងនេះមិនខាន។ ក្រៅពីការសម្តែងរឿង «Campus Love Story» កញ្ញា ម៉ារី ក៏មានបទចម្រៀងច្រៀងរួមគ្នានឹងលោក សាយ មានចំណងជើង «សារភាពស្នេហ៍តាមខ្យល់» ផងដែរ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីវ័យក្មេង ម៉ារី ហាក់ស្ងាត់ឈឹងនៅលើវិស័យសិល្បៈទាំងការសម្តែង និង ច្រៀង ដោយក្នុងនោះកញ្ញាក៏មិនសូវបានបង្ហាញសកម្មភាពនៅលើគណនីហ្វេសប៊ុកនោះទេ ពោលគឺកញ្ញាតែបង្ហាញសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួននៅលើគណនី Instagram ដោយបច្ចុប្បន្ននាងកំពុងរស់នៅឯខេត្តកំពត។
ការពិតនៃការបាត់មុខលើវិថីសិល្បៈ កញ្ញា ម៉ារី កំពុងតែសំងំធ្វើរឿងគួរឱ្យសរសើរមួយនៅឯទឹកដីខេត្តកំពតជាមួយនឹងមិត្តភក្តិទាំងជនជាតិខ្មែរ និង បរទេសជាច្រើនទៀត ដោយនាងបានបើកកន្លែងចិញ្ចឹមសត្វអនាថា ដូចជាសុខន និង ឆ្មា មានឈ្មោះថា «Dirty Paws»។
បើតាមការឱ្យដឹងនៅលើគណនី Instagram កញ្ញា ម៉ារី បានបញ្ជាក់ថា នាងបានចំណាយពេលធ្វើរឿងខាងលើនេះតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដោយនាង និង មិត្តភក្តិបានចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជាទទួលបានការឧបត្ថម្ភពីអ្នកស្រឡាញ់សត្វចិញ្ចឹម ដើម្បីផ្គត់ផ្គង់អាហារ និង ការព្យាបាលដល់សុខន និង ឆ្មា ដែលគេបោះបង់ចោលយកមករស់នៅក្នុង «Dirty Paws»៕