មិនទាន់ប្រកួតវគ្គផ្ដាច់ព្រ័ត្រផង ពេជ្រ សោភា ហាក់គ្មានសង្ឃឹមថា សេរីហាន់នីកា ក្លាយជាម្ចាស់ពាន
ពិតណាស់ មកដល់រាត្រីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលកម្មវិធី បានស្វែងរកបេក្ខភាព Top 4 ហើយ ដែលសុទ្ធសឹងជាបេក្ខភាពជើងខ្លាំងប្រចាំក្រុមនីមួយៗ តាមរយៈសំឡេងបោះឆ្នោតពីមហាជន។
បេក្ខភាព Top 4 នៃកម្មវិធី The Voice Cambodia រដូវកាលទី ៣ នេះ កំពុងត្រៀមខ្លួនប្រឡងប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ក្រោយនេះ ក្នុងនោះរួមមានកញ្ញា គឹម សុវណ្ណ, លោក សាល បាទី, លោក សួន សុវណ្ណចន្នី និង កញ្ញា លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់ Coach សោភា។
ដោយឡែក បើក្រឡេកទៅចាប់អារម្មណ៍បេក្ខភាពជើងខ្លាំង កញ្ញា លឹម សេរីហាន់នីកា កូនក្រុមរបស់គណៈកម្មការ ពេជ្រ សោភា វិញ ខណៈកំពុងត្រៀមខ្លួនប្រឡងប្រជែងវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ក្រោយនេះ ក៏បានឃើញ Coach ពេជ្រ សោភា បង្ហោះសារប្រកាសចង់ធ្វើបទចម្រៀងឱ្យកូនក្រុមច្រៀងឆាប់ៗ ហើយម្យ៉ាងទៀត Coach ថែមទាំងបានគិតទុកមុនថា កូនក្រុមរបស់អ្នកនាង គឺមិនមែនជាម្ចាស់ពានទេ ព្រោះដឹងថាកូនក្រុមទទួលបានសំឡេងបោះឆ្នោតតិច។
ក្នុងនោះ អ្នកនាង ពេជ្រ សោភា បានបង្ហោះសារបន្តបន្ទាប់ពីកូនក្រុម លឹម សេរីហាន់នីកា ដោយរៀបរាប់ថា ៖ «អ្វីដែលគាត់មាន គឺសំឡេង គាត់នៅក្មេងណាស់ មួយទៀតបើបងប្អូនទូទាំងប្រទេសស្រឡាញ់ គឺវូតឱ្យគាត់ ខ្ញុំសប្បាយចិត្តនៅពេលគាត់អាចយកបេះដូងមហាជនបានច្រើន (នីកា កម្សត់) ពានដែលសំខាន់ជាងគេ គឺចេញបទចម្រៀងល្អៗមានការគាំទ្រដ៏ពិត»។
លើសពីនេះ អ្នកនាង ក៏បានបន្តបង្ហោះរៀបរាប់ទៀតថា ៖ «អ្វីដែលខ្ញុំចង់បានមកលឿនៗ គឺធ្វើបទឱ្យសិស្សរបស់ខ្ញុំ ខ្ញុំចង់ឱ្យគាត់ច្រៀងចម្រៀងដែលខ្ញុំធ្វើដោយផ្ទាល់ ទាំងស្លូ ទាំងញាក់ ទាំងបទចូលឆ្នាំ SP។ បងដឹងថានីកា មិនមែនអ្នកកាន់ពានទេ វូតគាត់តិច»៕