ពេញសេដ! ត្រឹម ២ ថ្ងៃសោះ បទ «សិប្បនិម្មិត» របស់ ស៊ូលី ផេង និង សូលីកា មានសន្ទុះគាំទ្រខ្លាំង
ប្រិយមិត្តដែលនិយមគាំទ្របទចម្រៀងនិពន្ធថ្មី ឬ Original Song ក្នុងប្រទេស ប្រាកដជាបានដឹងរួចមកហើយ ថ្មីៗនេះតារាចម្រៀង និយមច្រៀងបទចម្រៀងបែបមនោសញ្ចេតនាសោកសៅ គឺលោក ស៊ូលី ផេង និង ស្រីស្អាត ពេជ្រ សូលីកា បានចេញបទចម្រៀងរួមគ្នាមួយបទមានចំណងជើងថា «សិប្បនិម្មិត» ដែលបានចេញជាផ្លូវការកាលពីល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ កំពុងទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់មហាជនជាច្រើន។
លើសពីនេះទៅទៀតនោះ ក្នុងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ គណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ស៊ូលី ផេង បានបង្ហោះ poster អរគុណទៅដល់អ្នកគាំទ្របទចម្រៀង «សិប្បនិម្មិត» ដោយភ្ជាប់ជាមួយ Caption ថា៖ «#1 Trending for Music on YouTube។ អរគុណអ្នកទាំងអស់គ្នា សម្រាប់ការផ្តល់ការស្រឡាញ់មកលើ បទ សិប្បនិម្មិត ត្រឹមរយៈពេល២ថ្ងៃ ។ កុំភ្លេចចូលស្តាប់បទនេះ នៅគ្រប់ Platforms ណា»។
មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តទៅទៀតនោះគឺ បទមួយនេះមិនត្រឹមតែបានឈរលើតារាងចម្រៀងក្នុង YouTube លេខ ១ (#1 ON TRENDING FOR MUSIC) ក្នុងប្រទេសនោះទេ រីឯ MV គឺទទួលបានអ្នកចូលមើលដល់ទៅជាង ៣ សែនដងឯណោះ ចាប់តាំងពីចេញជាផ្លូវការមក៕