(វីដេអូ) អស់ឱកាសដណ្ដើមពាន សារ៉ាវីតា ត្រូវបងប្រុសបង្កើតទាំង ៤ រង់ចាំក្រោយឆាកលួងលោមយ៉ាងកក់ក្ដៅ
មហាជនអ្នកគាំទ្រតាមដានកម្មវិធី The Voice Cambodia រដូវកាលទី ៣ បានជ្រាបហើយពីបេក្ខភាពកូនក្រុមគណៈកម្មការ ឱក សុគន្ធកញ្ញា គឺកញ្ញា សុខ សារ៉ាវីតា ដែលជាបេក្ខភាពដ៏ឆ្នើមនៃកម្មវិធី ប្រឡងប្រជែងឆ្លងកាត់ជាច្រើនវគ្គទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនស្ទើរទូទាំងប្រទេស ដោយកញ្ញាបានឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
មកដល់រាត្រីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ កម្មវិធីតម្រូវឱ្យបេក្ខភាព ១ រូបក្នុងក្រុមនីមួយៗជម្រុះចេញពីកម្មវិធី ដោយទទួលបានសំឡេងបោះឆ្នោតពីមហាជនតិចជាងគេ។ យ៉ាងណាមិញ ក្នុងចំណោមបេក្ខភាពដែលមិនអាចបន្តជាមួយកម្មវិធី ក៏មានបេក្ខភាពឆ្នើម សារ៉ាវីតា បានជម្រុះក្នុងវគ្គនេះផងដែរ។
ក្រោយបេក្ខភាពដ៏ឆ្នើម សារ៉ាវីតា បានចាកចេញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ឃើញថាមហាជនអ្នកគាំទ្រខ្មែរជាច្រើន ព្រមទាំងគណៈកម្មការទាំង ៤ រូបក៏បានបង្ហាញការសោកស្ដាយចំពោះរូបនាង និង ក៏នៅតែបង្ហាញការគាំទ្រលើកទឹកចិត្តចំពោះបេក្ខភាពដ៏មានសមត្ថភាពនេះផងដែរ។
លើសពីនេះ សុខ សារ៉ាវីតា ក៏ទទួលបានការលើកទឹកចិត្តយ៉ាងកក់ក្ដៅពីក្រុមគ្រួសារ គឺបងប្រុសបង្កើតទាំង ៤ របស់រូបនាង ដែលត្រូវបានគេស្គាល់ថាសុទ្ធសឹងតែជាអ្នកសិល្បៈ គឺលោក តុំ សារ៉ាដេត និង តារាចម្រៀងប្រុសទាំង ៣ នៃក្រុម SUFFER។ ក្នុងនោះ គេបានឃើញវីដេអូបងប្រុសទាំង ៤ របស់ សារ៉ាវីតា បានឱបនាងផ្ដល់កម្លាំងចិត្ត និង និយាយលួងលោមប្អូនស្រីពៅពេញដោយភាពកក់ក្ដៅបំផុត ធ្វើឱ្យអ្នកគាំទ្រឃើញរំភើបជំនួស។
ជាមួយគ្នានោះ លោក តុំ សារ៉ាដេត ក៏បានសរសេររៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «ពួកបងនៅតែផ្តល់កម្លាំងចិត្ត ហើយធ្វើ champion សម្រាប់ស្រីពៅ ហើយនៅតែធ្វើឱ្យស្រីពៅសើចគ្រប់ពេលវេលា Saravita – សារ៉ាវីតា ស្រីពៅមិនដែលឱ្យបងបងខកចិត្តម្តងណាឡើយ សូម្បីមកដល់ពេលនេះ ស្រីពៅគឺជាគ្រាប់ពេជ្រក្នុងគ្រួសាយើង (បន្ទាប់ពីបានអោយស្រីពៅសើចហើយ បងបងក៏ មកស្រក់ទឹកភ្នែកក្នុងឡានរៀងៗខ្លួន) I believe you វីតា»៕