មិនចប់ទេ! ខ្ញុង ផ្តាំទៅអ្នកតែស្ករ កុំព្យាយាមជាន់ពន្លិចនាងទាំងរស់ទាំងមិនដឹងរឿងពិត
ដូចដែលប្រិយមិត្តអ្នកតាមដានព័ត៌មានសិល្បៈកម្សាន្តខ្មែរបានដឹងហើយថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ រឿងរ៉ាវបំណុលរវាងតារាសម្ដែង ម៉ាដូណា និង តារាកំប្លែងអ្នកនាង ខ្ញុង កំពុងតែផ្ទុះកក្រើកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ក្រោយម្ចាស់បំណុល លោក ម៉ាដូណា បង្ហោះថាអ្នកនាងខ្ញុងជំពាក់លុយចំនួន ៤៥០០០ ដុល្លារតែមិនព្រមសង។
ជាមួយនឹងការបង្ហោះនេះក៏បានធ្វើឱ្យតារាកំប្លែងអ្នកនាងខ្ញុងចេញមុខ Live ទាំងទឹកភ្នែកបកស្រាយពីបញ្ហាថា នាងពិតជាបានជំពាក់មែន តែដោយសារវិបត្តិផ្សេងៗទើបធ្វើឱ្យនាងពុំទាន់សងរួចរាល់ ហើយកន្លងមកនាងក៏មិនដែលបោកប្រាស់នរណាដែរ នាងតែងរកមធ្យោបានដោះស្រាយឱ្យម្ចាស់បំណុលទាំងអស់។
ហាក់មិនទាន់ចប់ ទោះបី Live បកស្រាយហើយក៏ដោយ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ស្រាប់តែតារាកំប្លែងអ្នកនាងខ្ញុងចេញមកបង្ហោះបញ្ជាក់បន្ថែមថា ៖ «មនុស្សបោកប្រាស់គេរត់ចោលស្រុកអស់ហើយ ខ្លះទៀតសម្លាប់ខ្លួន តែខ្ញុំនៅទ្រាំទាំងអាម៉ាស់ធ្វើការដោះបំណុលរាល់ថ្ងៃ។ សូម្បីតែគ្រែដេកក៏កាត់សងឱ្យដែរ ហៅទៅធ្វើការ ក៏កាត់សងដែរ ម្ចាស់បំណុលណាមានផលិតផលក៏គ្នាទៅឡាយទៅលក់កាត់សងដែរ។ ម្ចាស់បំណុលណាមានការងារឲ្យធ្វើក៏ធ្វើរាល់ថ្ងៃ កាត់សងដែរ ម្ចាស់បំណុលណាមានហាងផឹកស៊ីក៏ទៅឡាយកាត់សងដែរ។ ខ្ញុំធ្លាប់បានប្រាប់ថាខ្ញុំមិនមែនជំពាក់គេតែម្នាក់ទេ។ ខ្ញុំព្យាយាមដោះទាល់តែអស់ ហើយខ្ញុំមានការងារធ្វើច្រើនណាស់រាល់ថ្ងៃ ព្រោះតែម្ចាស់បំណុលរបស់ខ្ញុំសុទ្ធតែម្ចាស់ប្រេន ម្ចាស់ហាងដែលខ្ញុំត្រូវទៅធ្វើការកាត់សងបានសល់បន្តិចបន្តួចគ្រាន់ដោះស្រាយ។ ជីវភាពប្រចាំថ្ងៃ នឹងមែនហៅថាបោកប្រាស់ សូមអ្នកខំមិនស្ករមួយចំនួនប្រើវិចារណញ្ញាណគិតពិចារណាផង។ រឿងមិនបានកើតឡើងចំពោះខ្លួនឯងកុំខំមិនមកដូចដឹងច្បាស់ពេក កុំព្យាយាមជាន់ពន្លិចមនុស្សទាំងរស់ពេកទេវតាមានភ្នែកវត្ថុស័ក្តិសិទ្ធិក្នុងលោក ពូកែៗណាស់»៕