វ័យ ៤៥ ឆ្នាំ Cecilia Cheung កំពុងធ្វើឱ្យគេមើលមិនដាក់ភ្នែកក្នុងកម្មវិធី Milan Fashion Week នៅអ៊ីតាលី
ថ្មីៗនេះ តារាសិល្បៈល្បីៗជាច្រើនរូបមកពីជុំវិញពិភពលោកបានអញ្ជើញមកចូលរួមក្នុងកម្មវិធី Milan Fashion Week នៅក្នុងប្រទេសអ៊ីតាលី។ ពិសេស តារាអាស៊ីល្បីៗជាច្រើនដួង បានមានវត្តមានជាបន្តបន្ទាប់ ចាប់ផ្តើមបង្អួតសម្រស់ដ៏គួរឱ្យចាប់អារម្មណ៍ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេត មានការសរសើរជាខ្លាំង។
ក្នុងចំណោមនោះ វត្តមានរបស់តារាសម្ដែងស្រីហុងកុង Cecilia Cheung ក៏មិនរួចផុតពីការនិយាយរបស់ពួកគេផងដែរ ព្រោះកន្លងមកតារាស្រីរូបនេះគឺល្បីល្បាញខ្លាំងក្នុងទសវត្សរ៍ឆ្នាំ ២០០០ ទាំងសម្រស់ និង សមត្ថភាពក្នុងវិស័យភាពយន្ត។
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ នៅតាមដងវិថីក្នុងទីក្រុង Milan ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងសម្បើម លើរូបសម្រស់ស្រស់ស្អាតរបស់នាង ស្លៀកក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅមើលទៅមានភាពសិចស៊ីទាក់ទាញ។
ថ្វីដ្បិតថា Cecilia Cheung មានវ័យរាងច្រើន និង ជាអ្នកម្ដាយកូនបី ក៏ដោយ ប៉ុន្តែភាពទាក់ទាញផ្នែកសម្រស់ និង រូបរាងរបស់នាង នៅតែរក្សាបានល្អក្មេងជាងវ័យមិនប្រែ ហើយនេះពិតជាសក្តិសមជាតារាហុងកុងកំពូលសម្រស់លំដាប់មែន៕