អ្នកច្នៃម៉ូដល្បី អូលីវ៉ា គង់ ចេញទៅម្តង ៣ ប្រទេស ក្នុងនាមកម្ពុជាចូលរួមកម្មវិធីម៉ូដអន្តរជាតិ Milan Fashion Week
មហាជនអ្នកគាំទ្រវិស័យ Fashion ជាពិសេសបណ្តាអ្នកគាំទ្រស្នាដៃច្នៃម៉ូដដ៏ល្បីរបស់កម្ពុជា ច្បាស់ជាបានស្គាល់ហើយលោក ម៉ែន សីហា ហៅលោក អូលីវ៉ា គង់ ដោយកាលពីពេលកន្លងទៅថ្មីៗនេះ លោកទើបតែទទួលបានភាពជោគជ័យខ្លាំងផ្ទួនៗជូនដល់ប្រទេសកម្ពុជា លើវិស័យម៉ូដនេះ។
ស្របនឹងស្នាដៃកំពុងរលូនទៅមុខ កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងនេះ កំពូលអ្នកច្នៃ និង ដើរម៉ូដ លោក អូលីវ៉ា គង់ បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី ដោយបានដឹកនាំនូវតារាម៉ូដែល ២ រូប ដើម្បីចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដលំដាប់ថ្នាក់អន្តរជាតិ Milan Fashion Week ទៀតផង។
ទន្ទឹមនឹងការធ្វើដំណើរចេញទៅនេះ រូបលោកក៏បានបង្ហើបមកកាន់ «ប្រជាប្រិយ» ថា ៖ «ខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង ទោះបីមុនការចាកចេញទៅក្រៅប្រទេសលើកនេះត្រូវចំណាយថវិកាច្រើន និង មានឧបស្គគយ៉ាងណាក្តី ក៏ខ្ញុំមិនដែលគិតថាចង់បោះបង់ចោលនោះឡើយ ខ្ញុំនៅតែបន្តធ្វើវាឱ្យបាន»។
លោកក៏បានបន្តប្រាប់ទៀតថា ៖ «ទាក់ទងទៅនឹងការដើរម៉ូដនៅ Milan Fashion Week នេះ គឺមានរយៈពេលចំនួន ៨ ថ្ងៃ ដោយការដើរម៉ូដនៅប្រទេសអ៊ីតាលី មានចំនួន ៤ថ្ងៃ រួចក៏បន្តធ្វើដំណើរទៅកាន់ប្រទេសស្វីស ចំនួន ២ ថ្ងៃ និង ប្រទេសបារាំង ២ ថ្ងៃផងដែរ ក្នុងនោះបណ្តាអ្នកច្នៃម៉ូដដែលបានចូលរួមមានរហូតដល់ទៅចំនួន ១៦ ប្រទេស នេះជាលើកដំបូងហើយដែលមានវត្តមានប្រទេសកម្ពុជាចូលរួមកម្មវិធីខ្នាតធំមួយនេះ ហើយខ្ញុំក៏មិននឹកស្មានថារូបខ្ញុំអាចតំណាងឱ្យកម្ពុជាពាំនាំយកនូវវប្បធម៌ខ្មែរ អរិយធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិបែបនេះនោះឡើយ»៕