គ្រងតំណែងរងទី ២ MUC 2023 ជិត ២ សប្ដាហ៍ វណ្ណៈ បូរមី បកស្រាយរឿងគេថានាងអន់ចិត្តនឹងតំណែង
ពិតណាស់ កម្មវិធីប្រកួតសម្រស់ដ៏ធំនៅកម្ពុជា Miss Universe Cambodia 2023 បានស្វែងរកឃើញម្ចាស់មកុដនៅរាត្រីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដោយបវរកញ្ញាគ្រងមកុដបានទៅលើស្រីស្រស់មានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹង ចន សុទីម៉ា។
ក្នុងនោះដែរ បវរកញ្ញាដែលជា Top 5 ទទួលបានតំណែងលំដាប់រងទី ១ បានទៅលើ MUC ភ្នំពេញ, លំដាប់រងទី ២ បានទៅលើ MUC ស្វាយរៀង, លំដាប់រងទី ៣ បានទៅលើ MUC បាត់ដំបង និង លំដាប់រងទី ៤ បានទៅលើ MUC ព្រៃវែង។
ដោយឡែក បើចាប់អារម្មណ៍ចំពោះបវរកញ្ញាលំដាប់រងទី ២ កញ្ញា វណ្ណៈ បូរមី ក្រោយទទួលតំណែងលំដាប់រងទី ២ MUC 2023 នេះ រយៈពេលជិត ២ សប្ដាហ៍ ក៏បានឃើញកញ្ញាបង្ហោះសារនិយាយជុំវិញរឿងគេថានាងមិនសប្បាយចំពោះតំណែងនេះ ដោយកញ្ញាបានបកស្រាយបញ្ជាក់ថានាងពុំបាននិយាយថាអត់សប្បាយចិត្តចំពោះតំណែងនេះទេ គ្រាន់តែនាងអត់សប្បាយចិត្តចំពោះការបង្ហាញសមត្ថភាពរបស់នាងលើឆាកប្រកួតប៉ុណ្ណោះ។
ក្នុងនោះ កញ្ញា វណ្ណៈ បូរមី បានង្ហោះសាររៀបរាប់ថា ៖ «ខ្ញុំអត់ដែលនិយាយថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងតំណែងរងទី 2 របស់ខ្ញុំទេ ប៉ុន្តែអីដែលខ្ញុំបានផុស និង សរសេរនៅលើ facebook ហ្នឹង គឺខ្ញុំចង់និយាយថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងការសម្ដែងរបស់ខ្ញុំនៅលើឆាក ព្រោះដោយសារក្រុមខ្ញុំទាំងមូល គឺឃើញពីថាមពល និង សមត្ថភាពរបស់ខ្ញុំ។ ព្រោះពួកគាត់គិតថាខ្ញុំអាចធ្វើបានល្អជាងហ្នឹង ជាពិសេសគឺទាក់ទងជាមួយនឹងសំណួរចម្លើយផ្ទាល់តែម្ដង។ ប៉ុន្តែចៃដន្យអីខ្ញុំធ្វើអត់បានល្អទេ។ ហើយនេះគឺជាអ្វីដែលខ្ញុំអត់សប្បាយចិត្តជាមួយនឹងខ្លួនឯង។ ទឹកមុខរបស់ខ្ញុំ គឺបានផ្លាស់ប្ដូរតាំងពីពេលដែលខ្ញុំឆ្លើយសំណួរចប់ម៉េស ប៉ុន្តែមានតែក្រុមខ្ញុំទេបានដឹងហើយនៅពេលដែលខ្ញុំផុសនៅក្នុង facebook ហ្នឹង គឺខ្ញុំចង់បង្ហាញពីកន្លែងហ្នឹងព្រោះដោយសារតែមានបងៗខ្លះគាត់ឃើញទឹកមុខខ្ញុំអត់សូវសប្បាយចិត្ត។ ប៉ុន្តែខ្ញុំអត់នឹកស្មានថាវាក្លាយទៅជាការយល់ច្រឡំធំមួយទៅដល់អ្នកទាំងអស់គ្នាទេ គឺអ្នកទាំងអស់គ្នាគិតថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងតំណែងខ្ញុំ តែខ្ញុំសប្បាយចិត្តខ្លាំងមែនទែន។
ហើយខ្ញុំគិតថាតំណែងរកទីមួយ និង តំណែងឯក គឺស័ក្តិសមមែនទែនសម្រាប់ពួកគាត់ទាំងពីរនាក់ព្រោះពួកគាត់ គឺជាមនុស្សដែលតស៊ូមកយូរហើយ។ អ៊ីចឹងអត់មានការអន់ចិត្តអីនៅក្នុងហ្នឹងទេ ហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងឈប់យល់ច្រឡំទៀត។ ហើយខ្ញុំក៏សូមអរគុណទៅដល់ក្រុមទាំងមូលរបស់ខ្ញុំផងដែរ ដែលពួកគាត់បានជ្រោមជ្រែងខ្ញុំតាំងពីថ្ងៃដែលខ្ញុំសម្រេចចិត្តថាចូលប្រកួតដំបូង អរគុណដល់ទាំងអស់គ្នាខ្លាំងមែនទែន។ Tbh I always proud of myself and grateful for everything even it’s just small steps»៕