មហាជនអាណិត! តារាសម្ដែងជើងចាស់ ទេស មន្ថា ទទួលមរណភាព ខណៈក្រុមគ្រួសារខ្វះលទ្ធភាពធ្វើបុណ្យសព
ជារឿងគួរឱ្យសោកស្ដាយ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣ ទទួលបានដំណឹងថាតារាសម្ដែងស្រីជើងចាស់ដ៏ល្បី ទេស មន្ថា បានទទួលមរណភាពហើយ។ ខណៈទទួលដំណឹងមរណភាពនេះ មហាជនអ្នកគាំទ្រដែលស្គាល់តារាសម្ដែងស្រីជើងចាស់រូបនេះ បានបង្ហាញការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់អ្នកនាងផងដែរ។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនកាន់តែអាណិត តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះពីដំណឹងមរណភាពរបស់តារាសម្ដែងជើងចាស់រូបនេះ ដោយឱ្យដឹងថាក្រុមគ្រួសាររបស់អ្នកនាងខ្វះលទ្ធភាពធ្វើបុណ្យសព និង បាននាំយកថវិកាចំនួន ៣០០ ដុល្លារ របស់លោកជំទាវ ឆេង ស្រីនាង ចូលរួមធ្វើពិធីបុណ្យសពផងដែរ។
ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានបង្ហោះរៀបរាប់ថា ៖ «អាណិតណាស់ ឮសូរ តារាសម្តែងជើងចាស់ ទេស មន្ថា ស្លាប់ខ្វះលុយធ្វើបុណ្យ ខ្ញុំបាទ អ៊ឹម ជីវ៉ា ទៅទាំងយប់យកថវិការចំនួន 300$ ដែលជាថវិការរបស់លោកជំទាវ ឆេង ស្រីនាង ចូលរួមពិធីបុណ្យសពតារាសម្តែង ជើងចាស់ ទេស មន្ថា ដែលតម្កល់ធ្វើបុណ្យនៅវត្តទួល ខណ្ឌឬស្សីកែវ ហើយត្រូវបូជានៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២៣»៕