អ្នកគាំទ្ររំជើបរំជួល! ខ្មែរមួយជីវិត បង្ហោះរូបជាមួយ វណ្ណដា ទំនងដូចកំពុងថត MV
មហាជនអ្នកគាំទ្របានជ្រាបមកហើយ ពីការងារសិល្បៈរបស់តារាចម្រៀងរ៉េបរៀមច្បង ខ្មែរមួយជីវិត ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញម្តងនេះ ដើម្បីបំពេញបេសកកម្មដ៏សំខាន់មួយក្នុងវិស័យរ៉េប ដោយលោក ខ្មែរមួយជីវិត ធ្វើជា Coach នៅក្នុងកម្មវិធី The Rapper Cambodia។
ក្នុងនោះដែរ ស្របពេលដំណើរការនៃការប្រកួត The Rapper Cambodia បាន និង កំពុងចាប់ផ្តើម ខ្មែរមួយជីវិត ក៏បានចេញបទចម្រៀងថ្មីចុងក្រោយមួយបទរួចហើយដែរមានចំណងជើងថា «ឆក់ព្រលឹង»។
ងាកទៅកាន់តារាចម្រៀងរ៉េប វណ្ណដា វិញ មហាជនក៏បានដឹងថា ពេលនេះតារាចម្រៀងរ៉េបរៀមច្បង និង សិស្សប្អូន ២ រូបខាងលើនេះ ក៏កំពុងតែបំពេញការងារក្នុងកម្មវិធីប្រកួតស្វែងរកតារាចម្រៀងរ៉េបជំនាន់ថ្មីជាមួយគ្នា។ យ៉ាងណាអ្វីដែលកំពុងធ្វើឱ្យអ្នកគាំទ្រកំពុងតែផ្ទុះការរង់ចាំនោះ គឺការសហការចេញចម្រៀងរួមគ្នារបស់តារាចម្រៀងរ៉េប វណ្ណដា និង ខ្មែរមួយជីវិត។
ជាក់ស្តែង ថ្មីៗនេះ អ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងរ៉េប ខ្មែរមួយជីវិត បានបង្ហោះរូបភាពនឹង វណ្ណដា ដូចជាកំពុងថត MV ព្រមទាំងបានភ្ជាប់សារមួយឃ្លាថា ៖ «History in the making» ដោយនេះហាក់ជាដំរួយនៃការត្រៀមបង្ហាញអ្វី ដែលអ្នកគាំទ្រកំពុងរង់ចាំនោះ៕