ហេង នរៈកក្កដា លូកមាត់ប៉ុន្មានមាត់ ពន្លះអ្នកឡកឡាយលើរូបសម្រស់បេក្ខភាពប្រឡង Mister Glam Cambodia 2023
ថ្មីៗនេះ ដំណើរការប្រកួតនៃកម្មវិធី Mister Glam Cambodia 2023 បានចាប់ផ្តើមហើយ ដោយតាមរយៈផេកផ្លូវការ Mister Glam Cambodia បានបង្ហោះរូបភាពរបស់បេក្ខភាព ដែលបានដាក់ពាក្យប្រកួតជាបន្តបន្ទាប់។
ស្របពេលការបង្ហាញមុខបេក្ខភាព មកពីបណ្តាខេត្តរបស់ Mister Glam Cambodia 2023 នោះ មហាជនក៏បានចាប់អារម្មណ៍ដល់លោក ហេង នរៈកក្កដា ដោយលោកបានចែករំលែកមតិផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងបេក្ខភាពមួយរូបមកពីខេត្តពោធិ៍សាត់ ដែលត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូលទៅបញ្ចេញមតិចំអកឡកឡាយ មើលងាយសម្រស់បេក្ខភាពរូបនោះ។
ក្នុងនោះ លោក ហេង នរៈកក្កដា បានលើកឡើងថា ៖ «បញ្ចប់ទៅ ភាពរេីសអេីង ភាពសេីចចំអក មេីលងាយ គ្មានអ្នកណាចង់កេីតមករូបរាងមិនស្អាតនោះទេ យេីងគួរតែផ្តល់តម្លៃ និង លេីកទឹកចិត្តដល់ពួកគាត់ដែលពួកគាត់មានឆន្ទៈក្នុងការបង្ហាញសមត្ថភាព»។
ជាក់ស្តែង បើមានការបញ្ចេញមតិឡកឡាយពីអ្នកលេងបណ្តាញសង្គមមួយចំនួនតូចក៏ពិតមែន តែបេក្ខភាព Mister Glam Cambodia 2023 មកពីខេត្តពោធិ៍សាត់រូបនោះ ក៏មានការចូលរួមគាំទ្រ និង លើកទឹកចិត្តដល់លោកក្នុងវិថីនៃការប្រកួត ដើម្បីបំពេញក្តីស្រមៃនេះដែរ៕