ក្តៅគគុក! Mint រងការរិះគន់ថាជះលុយជួលគេរៀនជំនួស មានអីអ្នកជំនិតចេញមុខឆ្លើយផាំងៗឥតទុកស្អែក
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយថា មានតារាប្រុសស្រីក្នុងសិល្បៈថៃមិនតិចនោះឡើយដែលស្រឡាញ់ការសិក្សាខ្លាំង បើទោះបីជារវល់ការងារសិល្បៈប៉ុនណាក៏ដោយ ក៏ពួកគេមិនបានបោះបង់ការរៀនសូត្រចោលដែរ។
អ្វីដែលនឹកស្មានមិនដល់នោះ ថ្មីៗនេះបែរជាផ្ទុះព័ត៌មានថា មានតារាស្រីម្នាក់បានជួលគេឱ្យរៀន និង ប្រឡងជំនួស ដោយក្នុងបញ្ជីឈ្មោះក្នុងថ្នាក់រៀនជាឈ្មោះរបស់នាង តែអ្នកដែលមករៀននៅក្នុងថ្នាក់មិនមែនជានាង។
យ៉ាងណាមិញ ជុំវិញការបង្ហោះនេះដែរ ធ្វើឱ្យមានអ្នកគាំទ្រមួយចំនួនបានសង្ស័យថាជាតារាស្រី Mint Chalida រហូតធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមនុស្សជំនិតរបស់តារាស្រីរូបនេះនៅមិនសុខចេញមុខបង្ហោះសារបកស្រាយការពាររូបនាងព្រោងព្រាត។
ក្នុងនោះអ្នកជំនិតរបស់នាងបានបកស្រាយថា ៖ «ព័ត៌មានដែលបំផុសចេញមកនេះ គឺមិនពិតនោះឡើយ ពេលរៀនមិត្តៗក្នុងថ្នាក់រៀនទាំងអស់សុទ្ធតែបានឃើញ Mint មកអង្គុយរៀនរហូត ថែមទាំងនាងយកចិត្តទុកដាក់រៀនថែមទៀតផង ពេលខ្លះមានទាំងឡានក្រុមការងារថតរឿងជូនមកទៀត រៀនចប់ក៏ទៅថតរឿងត ទម្រាំបានទទួលសញ្ញាបត្រមួយសន្លឹកនេះ»៕