(វីដេអូ) ក្រោយរងព្យុះរិះគន់ នាយព្រែក ចេញបកស្រាយថា គ្មានចេតនា និង មិនបានដឹងរឿង ពេជ្រ វត្តីសារ៉ាវឌ្ឍី ឡើយ
ថ្មីៗកន្លងទៅនេះ តារាប្រុស នាយព្រែក រងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រើពាក្យសម្តីហាក់លេងសើច និង សួរជ្រុលជ្រួសពីរឿងពាក់ព័ន្ធនឹងម្តាយរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងកម្មវិធី «អ្នកជិតខាង» ដែលបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើជាតារាកិត្តិយស។
ក្នុងនោះ ពិធីករ នាយព្រែក បានសួរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពីឈ្មោះរបស់អ្នកម្ដាយនាង រហូតភ្លាមនោះ ស្រីស្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហាក់ភាំងរកនឹកឆ្លើយមិនចេញ។ បន្ទាប់មកទៀត នាយព្រែកក៏បាននិយាយថា បានល្បីភ្លេចម្តាយ ក្នុងអត្ថន័យលេងសើច ដើម្បីញ៉ាំងដល់កម្មវិធីសប្បាយ តែបែរត្រូវមហាជនរិះគន់គ្មានសំចៃមាត់ ថាលោកនិយាយបែបនេះគឹជ្រុលខ្លាំង និង មិនស្គាល់កាលៈទេសៈ។
យ៉ាងណាក្រោយរងព្យុះរិះគន់មួយរយៈ នាយព្រែក ក៏បានចេញមុខមកបកស្រាយហើយថា៖ «លោកគ្មានចេតនានោះទេ! ម្យ៉ាងវិញទៀត លោកក៏មិនបានដឹងថា រឿងរ៉ាវនេះ ស្រដៀងទៅនឹងរឿងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះឡើយ ដោយលោកបានបញ្ជាក់ច្បាស់ៗថា នៅក្នុងរង្វង់សិល្បៈនឹងគ្នាពិតមែន តែក៏មិនប្រាកដថាលោកបានដឹងរឿងរ៉ាវរបស់មិត្តក្នុងសិល្បៈគ្រប់គ្នាដែរ»។
នាយព្រែក បានបន្តទៀតថា៖ «ក្រោយថតចប់ និង បានប្រើពាក្យលើសលួស ដោយអចេតនានោះ អ្នកដឹកនាំកម្មវិធី ក៏បានមកប្រាប់លោក ថាលោកនិយាយពាក្យខាងលើ អាចប៉ះពាល់អារម្មណ៍ វត្តី ហើយអ្នកដឹកនាំថា នឹងប្រាប់ក្រុមការងារឱ្យកាត់ចោលចំណុចនោះ តែក្រុមការងារភ្លេចដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលកម្មវិធីបានចាក់ផ្សាយហើយ លោកក៏បានឆាតទៅ វត្តី សួរនាំ ថានាងបានអន់ចិត្តនឹងលោកទេ?»៕