ឃើញសង្សារយំ ឡុង ម៉ានីន ចិត្តទន់ បង្ហោះសារខឹងខ្លួនឯង និងសុំទោស សុភិទិ យ៉ាងរំជួលចិត្ត
ជឿជាក់ថា ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកតាមដានជីវិតស្នេហារវាងកំលោះសង្ហា ថុល សុភិទិ និង គូស្នេហ៍ ប្រាកដជាបានជ្រាបនូវរឿងរ៉ាវរបស់អ្នកទាំងពីរ កំពុងមានរឿងរកាំរកូសនឹងគ្នា ដោយសារ ភិទិ សម្ដែងថើបមាត់ផ្ទាល់ជាមួយតួស្រីនៅក្នុងសាច់រឿង។
ខណៈចំណងស្នេហ៍បានឈានដល់ចំណុចរង្គោះរង្គើមិនយល់ចិត្តគ្នា ទាំងដែលភាគីទាំងសងខាងនៅស្រឡាញ់ និង ព្រួយបារម្ភចំពោះគ្នាខ្លាំងនោះ គេបានឃើញ ថុល សុភិទិ ហាក់ពិបាកចិត្តខ្លាំង រហូតកាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ លោកទប់ទឹកភ្នែកមិនជាប់ ក៏បានយំនៅចំពោះមុខអ្នកគាំទ្រពេលកំពុងច្រៀងនៅលើឆាក។
ក្រោយឃើញសកម្មភាព ភិទិ យំលើឆាកគួរឱ្យអាណិត ធ្វើឱ្យគូស្នេហ៍លោក ហាក់ចិត្តទន់បន្តិច ដោយនាងបានបង្ហោះវីដេអូរបស់ ភិទិ យំលើឆាកនោះ នៅលើគណនីហ្វេសប៊ុក ហើយរៀបរាប់ថា ៖ «បងយំដោយសារអូនមែន? បើអូនធ្វើឱ្យបងពិបាក បើវត្តមានអូនធ្វើឱ្យមានសម្ពាធ បងគួរចាកចេញទៅ…អូនដឹងថាអូនមិនល្អទេទើបគ្មានអ្នកណានៅក្បែរអូនបានយូរ បងបង្រៀនឱ្យអូនកុំយំ តែហេតុអីពេលនេះបងយំ សុំទោស»។
លើសពីនេះ អ្នកនាង ឡុង ម៉ានីន ក៏បានចូលទៅស៊ែរ Caption របស់លោក ភិទិ ដែលនិយាយដឹងខុសសុំទោសនាងប៉ុន្មានថ្ងៃមុន ព្រមទាំងភ្ជាប់ជាមួយសារបង្ហាញអារម្មណ៍ហាក់កាន់តែទន់ចិត្ត ថែមទាំងបន្ទោសខ្លួនឯង ខឹងខ្លួនឯង និយាយសុំទោសទៅកាន់គូស្នេហ៍ដែលធ្វើឱ្យលោកយំ ដោយអ្នកនាងបានរៀបរាប់ថា ៖ «ពីដំបូងអូនឈឺមែន តែពេលនេះអូនខឹងខ្លួនឯង ហេតុអីចិត្តដាច់ដាក់បង ឱ្យបងជាមនុស្សប្រុសត្រូវមកយំដោយសារអូន សុំទោស មួយរយៈនេះអូនហត់ការងារផង ត្រូវជួបរឿងមិនចង់ជួបផង វាផ្ទួនៗពេក»៕