អ៊ីង អ៊ីង ចេញមុខបកស្រាយច្បាស់ៗ ក្រោយផ្ទុះរឿងនាំភ្លើងក្នុងស្នេហា ថុល សុភិទិ
សម្រាប់រឿងរ៉ាវរវាងអ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ និង កញ្ញា អ៊ីង អ៊ីង ហាក់មិនទាន់ជាស្ងប់ស្ងាត់នៅឡើយទេ ដោយពេលនេះអ្នកគាំទ្រនៅតែបន្តជជែកវែកញែក និង លើកឡើងជាប្រធានបទ និយាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកដដែល ជាពិសេសជុំវិញរឿងតារាស្រី អ៊ីង អ៊ីង ក្លាយជាតួនាំភ្លើងក្នុងបញ្ហាស្នេហារបស់លោក ថុល សុភិទិ និង គូសង្សារ។
ជាការពិត ព្រោះតែរឿងរ៉ាវខាងលើនៅមិនទាន់ជ្រះស្រឡះ គេឃើញថា នៅយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រី អ៊ីង អ៊ីង និង ក្រុមការងាររួមមានកញ្ញា ហួន ស្រីខួច ក៏បានចេញមកមកស្រាយច្បាស់ៗ ដើម្បីឱ្យមហាជនមួយចំនួនបានយល់ និងឈប់រិះគន់នាង ថាជាអ្នកនាំភ្លើងតទៅទៀត។
តាមរយៈការ Live តារាស្រី អ៊ីង អ៊ីង បានលើកឡើងថា នេះជាការវិលត្រឡប់ចូលសិល្បៈរបស់នាងវិញ ខណៈបាត់មុខអស់រយៈពេល ២ ទៅ ៣ ឆ្នាំ ដូចនេះនាងពុំចង់បង្ករឿងជាមួយនរណាម្នាក់ឡើយ។ កន្លងមកនាងក៏ពុំដែលមានប្រវត្តិបង្កជម្លោះលើនរណាម្នាក់ដូចគ្នា។
ដោយឡែក សម្រាប់រឿងថានាងជាអ្នកនាំភ្លើង ស្រីស្រស់ អ៊ីង អ៊ីង បានបកស្រាយថា មុននឹងចាប់ផ្តើមថត នាង និង ក្រុមការងារក៏ដូចជាលោក ថុល សុភិទិ ក៏បានព្រមព្រៀងគ្នាហើយដែរ ថាអាចថតឈុតថើបគ្នាបាន ព្រោះសាច់រឿងគឺតម្រូវឱ្យថត ដូចនេះវាត្រឹមជាការសម្ដែងតែប៉ុណ្ណោះ។
លើសពីនោះ ជុំវិញរឿងដែលនាងនិយាយលេង និង ក្រុមការងារពាក់ព័ន្ធនឹងការថើបពិតឬសម្ដែង គឺនាងនិយាយលេងជាធម្មតា អត្តចរិតនាងចូលចិត្តលេងសើច គ្មានចេតនាណាមួយដែលនាងចង់ឌឺដងទៅកាន់នរណាម្នាក់ឡើយ។ តួយ៉ាង សម្រាប់នាងផ្ទាល់ ក៏មានសមត្ថភាពស្វែងរកមនុស្សប្រុសដោយខ្លួនឯងដែរ មិនបាច់ចាំដណ្ដើមរបស់អ្នកដទៃនោះទេ ហើយនាងក៏មិនចង់ទៅមានរឿងវែងឆ្ងាយដែរ។ ចុងបញ្ចប់នៃវីដេអូ ស្រីស្រស់ អ៊ីង អ៊ីង បានទទូចសុំចិត្តមហាជន ឱ្យឈប់រិះគន់នាងទៀត ព្រោះថារូបភាព និង វីដេអូថើបគ្នានោះ គឺត្រឹមជាការសម្ដែងប៉ុណ្ណោះ ពុំមានអ្វីលើសពីការងារឡើយ៕