៥ ឈុតតំណាងជាតិបំពាក់លើបេក្ខភាព MUC 2023 ដែលផ្ទុះការវែកញែកខ្លាំងជាងគេពីមហាជន
នៅរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២៣ បានឈានដល់វគ្គបង្ហាញឈុតតំណាងជាតិ ដែលជាវគ្គមួយមហាជនតែងតែចូលចិត្តទស្សនាបំផុតព្រោះបានបង្ហាញឱ្យឃើញពីការច្នៃម៉ូដសម្លៀកបំពាក់ដ៏សម្បូរបែបប្រកបដោយភាពប៉ិនប្រសប់របស់កូនខ្មែរ។ លើសពីនោះ វាក៏បានពន្លេចឱ្យឃើញពីវប្បធម៌ដ៏ល្អផូផង់នៃបុព្វបុរសផងដែរ។
បន្ទាប់ពីកម្មវិធី MUC ប្រកួតចប់វគ្គឈុតតំណាងជាតិ ស្រាប់តែផ្ទុះការស្រងាកចិត្ត និង វែកញែកព្រោងព្រាតពីសំណាក់មហាជន ចំពោះឈុតដែលហាក់ខុសប្លែកពីរូបគំនូរខ្លាំង រីឯការច្នៃប្រឌិតវិញ ហាក់នៅមានកម្រិត ហើយស្ទើរតែគ្មានឈុតមួយណាដែលលេចធ្លោ និង ស្រស់ស្អាតឃើញឡើយ។ យ៉ាងណាមិញ គេសង្កេតឃើញឈុតចំនួន ៥ ដែលមហាជនមានការរិះគន់ និង ជជែកវែកញែកច្រើនជាងគេ ដោយក្នុងនោះរួមមាន ៖
១ . ឈុតតំណាងខេត្តបាត់ដំបង
មានមហាជនជាច្រើនហាក់សម្ដែងការមិនពេញចិត្តចំពោះឈុតមួយនេះឡើយ ជាពិសេសរូបនាគដែលនៅពីខាងក្រោយបវរកញ្ញាមើលទៅហាក់បីដូចជារូបសត្វផ្សោត អ្នកខ្លះក៏ថាកូនពស់ និង មតិខ្លះទៀតថាដូចនឹងសត្វទា ដែលមើលទៅទឹកដៃនៃការច្នៃនៅមានកម្រិត។
២. ឈុតតំណាងខេត្តសៀមរាប
បើក្រឡេកមកមើលឈុតតំណាងខេត្តសៀមរាបវិញ មហាជនជាច្រើនហាក់ស្រងាកចិត្តខ្លាំង ពីព្រោះបើមើលទៅតាមរូបគំនូរដែលគូស និង ឈុតពិតដែលចេញមកគឺខុសស្រឡះ មិនថាពណ៌ឈុត និង ការរចនាឡើយ។ ក្នុងគំនូរជារូបគ្រុឌ លុះចេញជារូបរាងវិញត្រូវបានមហាជនរិះគន់ថាដូចសត្វមាន់ទៅវិញ។
៣. ឈុតតំណាងខេត្តប៉ៃលិន
មិនខុសអ្វីពីឈុតខេត្តសៀមរាបឡើយ សម្រាប់ឈុតតំណាងជាតិខេត្តប៉ៃលិនក្នុងរូបគំនូរគឺស្រស់ស្អាតធ្វើឱ្យមហាជនផ្ទុះការសរសើរ លុះចេញជាឈុតវិញត្រូវបានមហាជនរិះគន់ថាដូចជាឆ្នាំងឆ្ពុងកូនខ្ចីទៅវិញ ព្រោះថាគ្រាប់ពេជ្រដែលបង្ហាញនោះហាក់ខុសពីគំនូរខ្លាំង។
៤. ឈុតតំណាងខ្មែរ-អូស្តា្រលី
ឈុតតំណាងខ្មែរ-អូស្តា្រលី ជាឈុតមួយដែលបានលើកបង្ហាញពីទង់សាសនាព្រះពុទ្ធដែលជាប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិ សម្រាប់ឈុតមួយនេះត្រូវបានអ្នកគាំទ្រលើកឡើងថាគ្មានអ្វីប្លែកឡើយ មើលទៅធម្មតាគ្រាន់តែស្លៀកក្បិនគ្រវីទង់លើឆាក។ ក្នុងនោះ កំហុសដែលកើតឡើងគឺមានការដាក់ទង់បញ្ច្រាស ដែលនាំឱ្យមហាជនមួយចំនួនសម្ដែងការមិនពេញចិត្តព្រោះប៉ះពាល់ដល់សាសនា។
៥. ឈុតតំណាងខេត្តកោះកុង
កោះកុងជាខេត្តមួយស្ថិតនៅប៉ែកនិរតីនៃប្រទេសដែលមានកោះ ឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត តែអ្នកច្នៃបែរច្នៃជាសត្វបក្សីមួយប្រភេទទៅតាមទេវកថាទៅវិញ ហាក់មិនបានឆ្លុះបញ្ចាំងពីខេត្កកោះកុងឡើយ។ អ្វីដែលសំខាន់ឈុតបក្សីហាក់ពុំមានភាពស្រស់ស្អាតទៅតាមរចនាបថខ្មែរដែលមតិមហាជនខ្លះបក្សីប្រៀបបីដូចសត្វនាគក្នុងរឿងចិន៕