Mark និង Kimberley រំភើបចិត្តរហូតស្រក់ទឹកភ្នែក ក្នុងថ្ងៃភ្ជាប់ពាក្យ ក្រោយស្រឡាញ់គ្នា ១០ ឆ្នាំ
កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ពិតជាធ្វើឱ្យអ្នកគាំទ្រក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តជាខ្លាំង បន្ទាប់ពីឃើញកំពូលតារាសម្ដែងប្រុសស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Mark Prin និង Kimberley កាន់ដៃគ្នារៀបចំពិធីភ្ជាប់ពាក្យទៅតាមប្រពៃណី។
ជាមួយនឹងពិធីភ្ជាប់ពាក្យនោះផងដែរ តារាប្រុសស្រីទាំងពីរក៏បានធ្វើរៀបចំពិធីឡើងគេហដ្ឋានថ្មីដូចគ្នា។ តាមរយៈពិធីភ្ជាប់ពាក្យនោះ គេឃើញថាមានការរៀបចំហាក់ជាខុសប្លែកពីតារាប្រុសស្រីថៃដទៃដោយកំលោះ Mark និង Kimberley បានប្រារព្ធទៅតាមប្រពៃណីនៃជនជាតិឡានណា។
ជាការពិត ងាកទៅមើលពីអារម្មណ៍តារាប្រុស Mark និង Kimberley វិញ គេឃើញថា តារាប្រុសស្រីគូនេះហាក់មានអារម្មណ៍រំភើបចិត្តជាខ្លាំង ដោយក្នុងពិធីបំពាក់ចិញ្ចៀននោះ Mark និង Kimberley បានសម្រក់ទឹកភ្នែករំជួលចិត្តដោយក្តីស្នេហ៍ពួកគេឃើញឈានដល់ថ្ងៃសាងគ្រួសារ។ ម៉្យាងវិញ ទៀតសម្រាប់ចិញ្ចៀនពេជ្រដែលអ្នកទាំងពីរបំពាក់ឱ្យគ្នាក៏ធំ និង មានតម្លៃផងដែរ។
លើសពីការរំភើបចិត្តនៃការពិធីបំពាក់ចិញ្ចៀន បើយើងរំឭកទៅកាលពី ១០ ឆ្នាំមុន ក្នុងអំឡុងឆ្នាំ ២០១៣ ជាមួយនឹងរឿងភាគមួយ នៅវគ្គបញ្ចប់នៃរឿង តារាប្រុសស្រីគូនេះក៏បានបំពាក់ចិញ្ចៀនរៀបការឱ្យគ្នាទៅវិញទៅមកដែរ។ ដោយឡែក សម្រាប់ជីវិតពិតក៏មិនខុសអ្វីពីសាច់រឿង ក្រោយពីស្រឡាញ់គ្នា និង សិក្សាចិត្តគ្នារយៈពេល ១០ ឆ្នាំមក អ្នកទាំងពីរក៏អាចសម្រេចបំណងកាន់ដៃគ្នាសាងគ្រួសារដូចក្តីប្រាថ្នា ប្រៀបបានដូចទៅក្នុងរឿងភាគដែលអ្នកទាំងពីរសម្ដែងអ៊ីចឹង ដែលនេះបានធ្វើឱ្យមហាជនមានការអបអរសាទរព្រោងព្រាត។
គួរបញ្ជាក់ឱ្យដឹង បន្ទាប់ពីភ្ជាប់ពាក្យនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅរួចរាល់ តារាស្រីប្រុសគូនេះក៏នឹងត្រៀមកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខបន្តដែរ៕