ភរិយា Benjamin Yuen ទម្លាយអារម្មណ៍ក្លាយជាម៉ាក់ៗ ពេលពពោះកូនដំបូងបាន ៧ ខែ
ចាប់តាំងពីគូស្នេហ៍តារាហុងកុង Benjamin Yuen និង Bowie Cheung បានចាប់ដៃគ្នារៀបការនៅក្នុងឆ្នាំ ២០២០ កន្លងមក គូប្តី-ប្រពន្ធតារាសម្ដែងល្បីមួយគូនេះ តែងធ្វើឱ្យអ្នកគាំទ្រតាមចាប់អារម្មណ៍ពីជីវិតប្រចាំថ្ងៃ និង អាជីពក្នុងសិល្បៈរបស់ពួកគេជាប់ជារឿយៗ។
ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់ចិត្តខ្លាំងទៀតនោះគឺ ក្រោយពីពេលដែលតារាសម្ដែងស្រី Bowie Cheung បានប្រកាសដំណឹងល្អថានាងមានផ្ទៃពោះកូនដំបូង ដែលធ្វើឱ្យអ្នកគាំទ្រសម្ដែងក្តីរំភើប និង ចូលរួមត្រេកអរដល់ក្រុមគ្រួសារនាងយ៉ាងច្រើនកុះករ។
ដូចជាកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ បានបង្ហោះរូបថតរបស់នាងពពោះបាន ៧ខែ អង្គុយនៅលើសាឡុងបង្ហាញពីអារម្មណ៍រីករាយជាមួយនឹងស្នាមញញឹមស្រស់ស្រាយ ត្រៀមក្លាយជាអ្នកម៉ាក់ថ្មីថ្មោងពេញលេញនាប៉ុន្មានខែខាងមុខនេះ។
ក្នុងនោះដែរ Bowie Cheung ក៏បាននិយាយទៅកាន់កូនក្នុងផ្ទៃរបស់នាង តាមរយៈសារភ្ជាប់នឹងថតបង្ហោះនៅលើ Instagram ថា៖ «កូនម៉ាក់ឆាប់ធំលឿនណាស់ក្នុងខែសីហានេះ ម៉ាក់ចាប់ផ្តើមមានអារម្មណ៍ថាចម្លែក កូនធាក់ទាំងដៃទាំងជើងទាំងយប់ទាំងថ្ងៃ។ ប៉ុន្តែពិភពលោករបស់ម៉ាក់ពឹងលើកូនហើយ ក្រោយពេលប៉ាចេញទៅធ្វើការបាត់ មានតែកូនទេដែលនៅកំដរម៉ាក់»៕