វេចអង្ករដើររកចុះ! ឃុន វុត្ថា សង្ហាហើយចេះជួយកិច្ចការរកស៊ី អ៊ីចឹងបានគូដណ្តឹងស្រឡាញ់ខ្លាំងម្ល៉េះ
បើគិតចាប់តាំងពីថ្ងៃភ្ជាប់ពាក្យកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២២ មកដល់ពេលនេះ នៅសល់មិនប៉ុន្មានខែទៀតទេ មានរយៈពេល ១ ឆ្នាំ ហើយ ដែលតារាចម្រៀងលោក ឃុន វុត្ថា បានភ្ជាប់ពាក្យនឹងគូដណ្តឹង ជានារីដ៏ស្រស់សោភាម្នាក់។
លើសពីនោះ កាលពីពេលថ្មីៗនេះ លោក ឃុន វុត្ថា និង អនាគតភរិយា ក៏បានបង្ហាញរូបភាព Pre-wedding រួចហើយដែរ គ្រាន់តែថ្ងៃមង្គលរបស់លោក នឹងមកដល់ថ្ងៃណា ខែណា តារាចម្រៀងប្រុសរូបនេះ មិនទាន់បានបញ្ជាក់នៅឡើយនោះទេ។
ជាការពិត ចាប់តាំងពីក្លាយជាគូដណ្ដឹងនឹងគ្នាមក ឃុន វុត្ថា និង អនាគតភរិយាបណ្ដូលចិត្ត តែងបង្ហាញក្ដីស្នេហ៍ផ្អែមល្ហែមដូចទឹកឃ្មុំ បង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ ធ្វើឱ្យអ្នកគាំទ្រឃើញហើយរមួលខ្លួនជំនួសភាពល្អូកល្អិនរបស់គូស្នេហ៍អ្នកទាំងពីរ។
ជាងនេះទៅទៀត មិនត្រឹមតែបង្ហាញពីស្នេហាស្អិតល្មួត តែម្យ៉ាងនោះទេ លោក ឃុន វុត្ថា ក៏បានដើរតួនាទីជាអនាគតស្វាមីយ៉ាងរួចរាល់ និង ល្អបំផុតហើយ ដោយថ្មីៗនេះ គេបានឃើញគូដណ្តឹងរបស់លោកបានបង្ហោះរូបភាព លោក ឃុន វុត្ថា កំពុងតែវេចខ្ចប់អីវ៉ាន់ជូនភ្ញៀវ ដែលជាទំនិញលក់អនឡាញរបស់ភរិយា។ ក្រោយពីឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏បានសរសើរដល់លោក ឃុន វុត្ថា ថាពិតជាអនាគតស្វាមីដ៏ល្អ ចេះជួយទុក្ខធុរៈភរិយាគ្រប់សព្វបែបយ៉ាង៕