![កាត់ទឹកមិនដាច់កាត់សាច់មិនបាន! គ្រាន់តែដឹងកូនឈឺ អតីតស្វាមី ពេជ្រ សូលីកា ប្រញាប់មកកំដរកូនភ្លាម](https://www.popular.com.kh/wp-content/uploads/2023/08/BeBe-23-08-23-03.jpg)
កាត់ទឹកមិនដាច់កាត់សាច់មិនបាន! គ្រាន់តែដឹងកូនឈឺ អតីតស្វាមី ពេជ្រ សូលីកា ប្រញាប់មកកំដរកូនភ្លាម
ជាង ១ ឆ្នាំមកហើយដែលតារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា សម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Han Khim ជាអតីតស្វាមី ដោយចំណងដៃកូនប្រុសតែម្នាក់របស់ពួកគេ គឺ ពេជ្រ សូលីកា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា តែកន្លងមក គេក៏ឃើញ លោក Han Khim បាននាំកូនប្រុសទៅដើរលេង ញ៉ាំអាហារឆ្ញាញ់ៗ ឬទិញរបររបស់លេងឱ្យកូនជាដើម។
ក្នុងនាមជាស្រ្តីមេម៉ាយ ត្រូវធ្វើការរកលុយផង ត្រូវមើលថែកូនប្រុសតែម្នាក់ផងមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្ដែ ពេជ្រ សូលីកា នៅតែប្រឹងប្រែងធ្វើជាអ្នកម៉ាក់ដ៏រឹងមាំជានិច្ច។
ដោយឡែកស្រាប់តែថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះនៅក្នុង Story បង្ហាញថា កូនប្រុសបណ្ដូលចិត្តរបស់នាងបានឈឺហើយ កំពុងព្យួរសេរ៉ូមនៅមន្ទីរពេទ្យ បង្កឱ្យមហាជនមានការព្រួយបារម្ភ និង ជូនពរឱ្យកូនប្រុសនាង ឆាប់ជាសះស្បើយឆាប់ៗផងដែរ។
រឿងដែលគួរឱ្យចាប់អារម្មណ៍ គ្រាន់តែ ពេជ្រ សូលីកា បង្ហោះនៅលើ Story ហ្វេសប៊ុកបង្ហាញថាកូនប្រុសឈឺមិនប៉ុន្មានម៉ោងផង ស្រាប់តែគេឃើញលោក Han khim ក៏បានបង្ហោះរូបភាពលើ Story កំពុងកំដរមើលថែកូនប្រុសនៅមន្ទីរពេទ្យដូចគ្នា ដែលស្ដែងឱ្យឃើញពីការស្រឡាញ់ និង ព្រួយបារម្ភចំពោះកូន មិនចាញ់ម្ដាយនោះទេ៕