ផុងខ្លួនក្នុងរឿងអាស្រូវបាត់មុខមួយរយៈ Cai Xukun ស្រាប់តែលេចមុខជាថ្មី ជាមួយអ្នកជំនិតនៅ YG
កាលពីខែមិថុនា ឆ្នាំ ២០២៣ តារាចម្រៀងប្រុស Cai Xukun បានមានរឿងអាស្រូវបង្ខំមិត្តស្រីរំលូតកូន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់វិស័យកម្សាន្តចិន។ រឿងរ៉ាវដ៏មិននឹកស្មាននេះ បានធ្វើឱ្យតារាប្រុសរូបនេះទទួលរងការរិះគន់យ៉ាងខ្លាំង ដោយលោកត្រូវបានគេដកចេញពីការងារសិល្បៈ មិនអនុញ្ញាតឱ្យបង្ហាញមុខនៅក្នុងកម្មវិធីកម្សាន្តផ្សេងៗនៅក្នុងប្រទេសចិន។
ទោះជាយ៉ាងណា តារាប្រុសរូបនេះក៏ទៅធ្វើការប្រគំតន្រ្តីនៅក្រៅប្រទេសផងដែរ មុនពេលបាត់មុខមួយរយៈចេញពីបណ្តាញសង្គម ក៏ដូចជាការងារក្នុងអាជីពសិល្បៈរបស់លោក។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះ គឺកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែបង្ហោះរូបថតពិសេសមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ផ្ទាល់ ជាមួយនឹងផលិតករតន្រ្តីដ៏ល្បីមួយរូប របស់ YG Entertainment។
ហេតុដូចនេះ ទើបបានជាអ្នកនិយមលេងក្នុងបណ្តាញសង្គមនោះ សង្ស័យថា Cai Xukun អាចនឹងមានការងារថ្មីហើយចាប់ដៃគ្នាជាមួយនឹង YG ដែលជាផលិតកម្មយក្សនៅប្រទេសកូរ៉េខាងត្បូង ទោះបីជាការងារនៅចិនរបស់លោកបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្នក៏ដោយ៕