តូច ស៊ីណេ ម៉ាក់ៗកូន ២ ចូលប្រកួត MUC 2023 តំណាងខេត្តព្រះសីហនុ ស្អាតហើយមានចំណេះអាចនិយាយបាន ៣ ភាសា
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ កម្មវិធីប្រកួត Miss Universe Cambodia 2023 នឹងឈានដល់វគ្គប្រកួតឈុតហែលទឹកហើយ ក្រោយពីការជ្រើសរើសបេក្ខភាពតំណាងខេត្ត-ក្រុង និង ការបំពាក់ឈៀងជាផ្លូវការកាលពីពេលកន្លងមក។
ជាការពិត កម្មវិធី Miss Universe Cambodia 2023 បានបើកសិទ្ធិក្នុងការចូលរួមដាក់ពាក្យពីសំណាក់អ្នកស្រឡាញ់វិស័យបង្ហាញម៉ូដ ដោយមិនថាអ្នកមានគ្រួសារ មានកូនរួច និង ភេទទី ៣ ក៏អាចដាក់ពាក្យចូលរួមបានដែរ។
តួយ៉ាង ស្របពេលកម្មវិធីនៃការប្រកួតកំពុងដំណើរការ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាក៏កំពុងតែចាប់អារម្មណ៍ទៅកាន់បេក្ខភាពតំណាងឱ្យខេត្តព្រះសីហនុ តូច ស៊ីណេ យ៉ាងខ្លាំង។ ក្នុងនោះ គេបានដឹងថា បេក្ខភាពតំណាងឱ្យខេត្តព្រះសីហនុរូបនេះ គឺជាអ្នកម៉ាក់កូន ២ តែមានសម្រស់ស្អាតមិនចាញ់បេក្ខភាពដទៃទៀតនោះឡើយ។
ជាងនេះទៅទៀត អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បេក្ខភាព Miss Universe Cambodia 2023 តំណាងឱ្យខេត្តព្រះសីហនុឆ្នាំនេះ គឺអាចនិយាយបានដល់ទៅ ៣ ភាសាយ៉ាងស្ទាត់ជំនាញ រួមមាន ភាសាខ្មែរ ភាសាចិន និង ភាសាអង់គ្លេស៕