អ៊ិន លក្ខិណា សុំចិត្តមហាជនឈប់ដាក់សម្ពាធឱ្យ ភឹម ស្រីនោ ដើម្បីភារកិច្ចធំនៅលើឆាកអន្តរជាតិ
បន្ទាប់ពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ១ ខែមក នៅទីបំផុតកម្មវិធីប្រកួតសម្រស់ដ៏ធំនៅកម្ពុជា Miss Grand Cambodia 2023 បានរកឃើញម្ចាស់មកុដថ្មីហើយ បន្ទាប់ពីកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះគឺកញ្ញា ភឹម ស្រីនោ ដែលជាបេក្ខភាពតំណាងឱ្យរាជធានីភ្នំពេញ។
សម្រាប់ម្ចាស់មកុដថ្មី MGC 2023 ភឹម ស្រីនោ ជាបវរកញ្ញាម្នាក់ដែលមានការតស៊ូ និង បទពិសោធជាច្រើន ទម្រាំអាចទទួលបានជោគជ័យដូចពេលនេះ។ គេចាំបានថា ស្រីស្រស់រូបនេះធ្លាប់បានចូលរួមប្រកួតចំនួន ២ លើករួចមកហើយ ដោយនាងបានប្រឡូកចូលក្នុងវិស័យបវរកញ្ញាដំបូងក្នុងឆ្នាំ ២០១៨ ហើយឆ្នាំបន្ទាប់នៅឆ្នាំ ២០២១ ក្នុងកម្មវិធី Miss Grand Cambodia ដោយទទួលបានលទ្ធផលត្រឹម Top ១០ និង Top ១៥ នាក់ចុងក្រោយប៉ុណ្ណោះ។
ជាការពិត ទោះបីជាកញ្ញា ភឹម ស្រីនោ ធ្លាប់មានបទពិសោធ និង ទទួលបានមកុដនាឆ្នាំនេះក្តី តែបន្ទាប់ពីប្រកួតចប់ ស្រីស្រស់រូបនេះក៏ទទួលបានការរិះគន់មួយចំនួនតូច ថានាងមិនស័ក្តិសមនឹងតំណែងម្ចាស់មកុដ។ ដោយឡែក ក្រោយពីមើលឃើញពីការរិះគន់ច្រើនទៅកាន់កញ្ញា ភឹម ស្រីនោ ដូចនោះ គេឃើញថា កញ្ញា អ៊ិន លក្ខិណា ដែលជាលំដាប់រងទី ២ នៃកម្មវិធី Miss Grand Cambodia 2023 បានចេញមកបង្ហោះសារសុំចិត្តមហាជនឱ្យគាំទ្រដល់កញ្ញា ភឹម ស្រីនោ ដើម្បីតំណាងកម្ពុជាលើឆាកអន្តរជាតិ។
នេះបើតាមការបង្ហោះរបស់ កញ្ញា អ៊ិន លក្ខិណា បានបង្ហោះថា ៖ «សូមឱ្យគាត់ទៅប្រកួតឱ្យប្រទេសសប្បាយចិត្ត សូមកុំដាក់សម្ពាធឱ្យគាត់បន្ថែមទៀតអី គ្មាននរណាម្នាក់កើតមកមិនចង់ល្អគ្រប់ដប់ទេ ចឹងក្នុងនាមជាប្រជាជនខ្មែរគួរតែចូលរួមលើកទឹកចិត្តគាត់ផង ព្រោះគាត់ជិតដល់ថ្ងៃប្រកួតហើយ កុំឱ្យគាត់អស់កម្លាំងចិត្តក្នុងការប្រកួត ខ្ញុំជឿជាក់លើបងស៊ូៗបង»៕