ម៉ែន ណងនិត ជ័យលាភីរងទី ៤ MGC 2023 ថា តំណែងនេះមិនធំដុំសម្រាប់អ្នកផ្សេង តែវិសេសវិសាលខ្លាំងសម្រាប់នាង
នៅយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand Cambodia 2023 បានស្វែងរករាជិនីគ្រងមកុដដ៏ស័ក្តិសមមួយរូប ដែលនឹងតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសវៀតណាម គឺបានទៅលើកញ្ញា ភឹម ស្រីនោ Miss Grand តំណាងរាជធានីភ្នំពេញ។
សម្រាប់រាត្រីគ្រងមកុដនោះដែរ បេក្ខភាពដែលទទួលបានមកុដជ័យលាភីលំដាប់រងទី ១ បានទៅលើ Miss Grand ក្រចេះ លំដាប់រងទី ២ បានទៅលើ Miss Grand ប៉ៃលិន លំដាប់រងទី ៣ បានទៅលើ Miss Grand កំពង់ធំ និង លំដាប់រងទី ៤ បានទៅលើ Miss Grand ព្រះសីហនុ។
យ៉ាងណាមិញ ក្រឡេកទៅចាប់អារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុករបស់លំដាប់រងទី ៤ កញ្ញា ម៉ែន ណងនិត ក្រោយពីទទួលបានតំណែងនេះ កញ្ញាក៏បានបង្ហោះសារបង្ហាញអារម្មណ៍ពិតរបស់ខ្លួនចំពោះតំណែងមួយនេះ ដែលកញ្ញាថាបើទោះបីតំណែងនេះមិនធំដុំសម្រាប់អ្នកផ្សេងមែន ប៉ុន្តែវាពិតវិសេសវិសាលសម្រាប់រូបនាងខ្លាំងដែលជាលើកដំបូងក្នុងឆាកជីវិតក្នុងវិស័យបវរកញ្ញានេះ។
ក្នុងនោះ កញ្ញា ម៉ែន ណងនិត បានសរសេររៀបរាប់ថា ៖ «ជាលើកដំបូងក្នុងឆាកជីវិត ដែលប្រឡូកក្នុងវិស័យមួយនេះ ធ្វើឱ្យខ្ញុំទទួលអ្វីដែលថ្មីនៅក្នុងជីវិតទាំង មិត្តភក្តិ ចំណេះដឹង បទពិសោធល្អៗ ការណែនាំល្អៗ ដែលខ្ញុំមិនធ្លាប់ទទួលបានពីមុនមក មុខតំណែង 4th Runner up Miss Grand Cambodia មួយនេះទោះបីជាវាមិនសូវជាធំដុំសម្រាប់អ្នកផ្សេងក៏ដោយ សម្រាប់ខ្ញុំវាគឺជាតំណែងដ៏វិសេសវិសាលខ្លាំងណាស់ ហើយសូមអ្នកទាំងអស់គ្នាកុំភ្លេចចងចាំក្មេងស្រីម្នាក់នេះទុកនៅក្នុងបេះដូងផងណា នាងខ្ញុំសង្ឃឹមថានឹងវិលមកម្តងទៀតជាមួយ Miss Grand នៅក្នុងឆ្នាំណាមួយម្តងទៀត»៕