(វីដេអូ) អស់ឱកាសទៅវគ្គបន្ត តែ វុត ស្រីហុង ត្រូវអ្នកគាំទ្រកត់ទុកក្នុងចិត្ត និង ផ្ទុះការសរសើរជាខ្លាំង លើសមត្ថភាពច្រៀង
កាលពីរាត្រីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី The Voice Cambodia រដូវកាលទី ៣ បានឈានដល់វគ្គ Knockouts សប្ដាហ៍ទី ១ ហើយ ដែលកម្មវិធីតម្រូវឱ្យគណៈកម្មការទាំង ៤ ធ្វើការជ្រើសរើសកូនក្រុមរបស់ខ្លួន ៥ រូប ច្រៀងប្រកួតប្រជែងគ្នាម្ដងម្នាក់ឱ្យ Coach ជ្រើសរើសតែ ៣ ប៉ុណ្ណោះដែលអាចបន្តដំណើរទៅវគ្គបន្តទៀត។
ក្នុងវគ្គ Knockouts សប្ដាហ៍ទី ១ នេះ បើចាប់អារម្មណ៍ចំពោះកូនក្រុមរបស់គណៈកម្មការ ឆន សុវណ្ណារាជ ទាំង ៥ រូប មានលោក ញាន វាសនា, កញ្ញា ញាន នាវតី, កញ្ញា វុត ស្រីហុង, លោក សឿន មុនីរ័ត្ន និង កញ្ញា សុង ស្រីកែវ ដែលបានបង្ហាញសមត្ថភាពក្នុងសប្ដាហ៍នេះ សុទ្ធសឹងតែធ្វើបានល្អធ្វើឱ្យមហាជនអ្នកគាំទ្រក្នុងស្ទូឌីយោស្រែកហ៊ោកញ្ជៀវបង្ហាញការគាំទ្រពេញចិត្តនឹងបេក្ខភាពរូបនេះខ្លាំង ព្រមទាំងមហាជនលើបណ្ដាញសង្គមវិញផ្ទុះចែករំលែក និង សរសើរខ្លាំងពីការបកស្រាយបទចម្រៀងរបស់ពួកគេផងដែរ។
យ៉ាងណាមិញ ចំពោះបេក្ខភាពកូនក្រុមរបស់ Coach ឆន សុវណ្ណារាជ ទាំង ៥ រូប ត្រូវបានជម្រុះអស់ ២ រូប ដែលមិនអាចបន្តជាមួយកម្មវិធី គឺលោក ញាន វាសនា និង កញ្ញា វុត ស្រីហុង។ ដោយឡែក មកដល់ពេលនេះ ដ្បិតតែកញ្ញា វុត ស្រីហុង អស់ឱកាសបន្តជាមួយកម្មវិធីមែន តែលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រជាច្រើននៅតែបន្តផ្ទុះចែករំលែកពីវីដេអូបង្ហាញសមត្ថភាពច្រៀងរបស់បេក្ខភាពរូបនេះ ដែលច្រៀងបទ «សុំជួបមួយម៉ោងមុនបែក» ភ្ជាប់ជាមួយពាក្យសរសើរពីសមត្ថភាពរបស់នាង ច្រៀងពីរោះខ្លាំងមិនសមអស់ឱកាសក្នុងការប្រឡងកម្មវិធីនេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖