(វីដេអូ) រឿងមួយកំពុងដោះស្រាយតាមប្រព័ន្ធច្បាប់ ពេលនេះ ស៊ឹម ថៃណា មកជួបរឿងមួយទៀតពាក់ព័ន្ធផ្ទះសម្បែង
កន្លងមកមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានដឹងមកហើយនូវរឿងក្តៅលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ពាក់ព័ន្ធនឹងតារាចម្រៀងស្រី ស៊ឹម ថៃណា ដែលបានធ្វើការឡាយលើគណនីហ្វេសប៊ុករៀបរាប់ទាំងស្រក់ទឹកភ្នែកថាមានបុរសម្នាក់បានមកជេរប្រទិចនាង ខណៈនាងកំពុងបំពេញការងារក្នុងហាងមួយ។
ក្រោយដំណឹងខាងលើត្រូវបានចែកចាយ ជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគសិល្បករ ក៏បានចេញមុខមកដោះស្រាយ ដោយបានទុកពេល ២៤ ម៉ោង ឱ្យបុរសរូបនោះចេញមុខសុំទោសកញ្ញា ស៊ឹម ថៃណា តែហាក់មិនមានការអើពើ និង បង្ហាញការសុំទោសណាមួយនោះ នៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បាននាំកញ្ញា ស៊ឹម ថៃណា ទៅជួបលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដើម្បីស្នើសុំជំនួយផ្នែកច្បាប់ជួយដោះស្រាយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈការឡាយវីដេអូក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង យក់ ឋិតរដ្ឋា តារាចម្រៀង ស៊ឹម ថៃណា ក៏បានឱ្យដឹងរឿងរ៉ាវខាងលើកំពុងតែធ្វើតាមច្បាប់ ដោយកញ្ញាកំពុងរង់ចាំចំណាត់ការ។
លើសពីនោះ ស្របរឿងមួយមិនទាន់បានបញ្ចប់ផង ស្រាប់តែកញ្ញា ស៊ឹម ថៃណា បានឱ្យដឹងថា ពេលនេះនាងកំពុងជួបរឿងមួយទៀតហើយ ពាក់ព័ន្ធនឹងផ្ទះសម្បែងដែលនាងកំពុងបង់រំលស់ ដោយគេបានផ្តល់ដំណឹងពីការផ្អាកបង់ប្រាក់ប្រចាំខែ។ ក្នុងនោះ កញ្ញា ស៊ឹម ថៃណា បានឱ្យដឹងថា ៖ «រឿងមួយមិនទាន់បានធូរចិត្ត ឥលូវជួបរឿងមួយទៀតហើយ»៕