(វីដេអូ) នីគីនីគី ទម្លាយពីឈុត ១៦ គីឡូ ដែលនាងដើរបង្ហាញលើឆាក Fashion នៅវៀតណាមថ្ងៃមុន
ថ្មីៗកន្លងទៅ មហាជនអ្នកគាំទ្រវិស័យ Fashion ជាពិសេសគាំទ្រស្នាដៃរបស់អ្នកច្នៃម៉ូដដ៏ល្បីរបស់កម្ពុជាលោក អូលីវ៉ា គង់ ហាក់មានក្តីរំភើប និង ស្ងប់ស្ងែងយ៉ាងខ្លាំង ក្រោយលោក អូលីវ៉ា បាននាំយកវប្បធម៌ អរិយធម៌របស់ខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិនៅឯសារមន្ទីរ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ កន្លងមក។
ក្នុងនោះ លោក អូលីវ៉ា គង់ បានពាំនាំឈុតសម្លៀកបំពាក់យ៉ាងសម្រិតសម្រាំងជាច្រើនឈុត និង ដឹកដៃតារាបង្ហាញម៉ូដមានទាំងកុមារីតូចៗប្រមាណជា ២៦ រូប ដើរនៅលើឆាក Vietnam International Junior Fashion Week។ លើសពីនោះ ក្នុងចំណោមតារាបង្ហាញម៉ូដទាំង ២៦ រូប ក៏មានការចូលរួមពីកញ្ញា Nikki Nikki ផងដែរ។ អ្វីដែលកាន់តែធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពទៀតនោះ លោក អូលីវ៉ា អ្នកច្នៃម៉ូដដ៏ល្បីរបស់កម្ពុជា ក៏ដណ្តើមបានពានរង្វាន់កិត្តិយស Best International Designer Award 2023 ក្នុងកម្មវិធី Vietnam International Junior Fashion Week ទៀតផង។
យ៉ាងណាមិញ ក្នុងចំណោមឈុតសម្លៀកបំពាក់ដែលម៉ូឌែលទាំង ២៦ រូប ដើរបង្ហាញលើឆាកអន្តរជាតិនេះ បើចាប់អារម្មណ៍ទៅលើឈុតរបស់តារាបង្ហាញម៉ូដ នីគីនីគី ដែលលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងក៏បាននិយាយទម្លាយឱ្យដឹងថាឈុតនោះ មានទម្ងន់រហូតដល់ ១៦ គីឡូឯណោះ ដោយច្នៃរចនាឡើងដោយគ្រាប់ត្បូងធំៗជាប់ៗគ្នាយ៉ាងស្អាតប្រណីតស៊ីវីល័យ។ ក្នុងនោះ នីគីនីគី ក៏បាននិយាយរៀបរាប់ទាំងទឹកភ្នែករំភើបចិត្តខ្លាំង ដែលបានចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីនេះ ជាការដើរតំណាងប្រទេស និង ទទួលបានពានរង្វាន់ បើទោះបីជាលំបាកខ្លាំងពេលគ្រងឈុតដ៏ធ្ងន់មួយនេះ៕