(វីដេអូ) កាន់តែក្តៅ! ជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ប្រកាសបែបនេះចំពោះ ស៊ឹម ថៃណា ដែលរងការប្រមាថពីបុរសម្នាក់
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍នឹងវីដេអូរបស់តារាចម្រៀងស្រី ស៊ឹម ថៃណា ដែលធ្វើការឡាយលើគណនីហ្វេសប៊ុករៀបរាប់ទាំងស្រក់ទឹកភ្នែកថាមានអ្នកមិនឱ្យតម្លៃនាងពេលបំពេញការងារ ដោយតារាចម្រៀងស្រីរូបនេះលើកឡើងថា កំឡុងពេលធ្វើការ និង មកអង្គុយលេងនៅតុញុំាអាហារជាមួយអ្នករាប់អាន ស្រាប់តែមានបុរសម្នាក់បានប្រើពាក្យអសុរោះមកលើរូបនាង ដោយប្រើពាក្យជេរប្រទិចយ៉ាងមិនសមរម្យ។
រៀបរាប់ទាំងទឹកភ្នែក កញ្ញា ស៊ឹម ថៃណា បានឱ្យដឹងថា ៖ «ក្នុងជីវិតសិល្បៈរយៈពេល ២០ ឆ្នាំ នេះជាលើកទី ១ ហើយ ដែលមានគេជេរកញ្ញាលើសលស់យ៉ាងនេះ គឺសូម្បីតែឪពុកម្តាយរបស់កញ្ញា ក៏មិនដែលជេរនាងបែបនេះដែរ»។ លើសពីនោះ និយាយទាំងឈឺចិត្ត កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ និង ផ្តែផ្តាំថា ទោះជាកញ្ញា ឬ នារីផ្សេងធ្វើការនៅពេលរាត្រីក៏ពិតមែន ប៉ុន្តែកញ្ញា និង ក្រុមការងារមិនមែនជានារីសំភឹងនោះឡើយ ដូច្នេះសូមឱ្យតម្លៃអ្នកធ្វើការពេលរាត្រីផង។
ងាកទៅកាន់លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគសិល្បករខ្មែរ ក៏បានចេញមកបង្ហោះសារឱ្យដឹងថា កញ្ញា ស៊ឹម ថៃណា សំណូមពរឱ្យបុគ្គលរូបនោះ ចេញមកសុំទោសនាងដោយផ្ទាល់ មិនបាច់ចេញមុខក៏បាន។ លើសពីនោះ លោកជំទាវ ចន ច័ន្ទលក្ខិណា ក៏លើកឡើងថា បើសិនបុគ្គលនោះមិនចេញមកសុំទោសកញ្ញា ស៊ឹម ថៃណា ទេ លោកជំទាវនឹងស្នើសុំជំនួយតាមច្បាប់ពីក្រសួងកិច្ចការនារី។
លោកជំទាវ រៀបរាប់ថា ៖ «កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះតារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរប្រទេច ខណៈដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង។ នាងខ្ញុំបានខលទៅប្អូនស្រី ដើម្បីសាកសួរព័ត៌មានជាក់លាក់ ហើយប្អូនស្រីបានសំណូមពរឱ្យបុគ្គលរូបនោះមកសុំទោសប្អូនស្រីនៅចំពោះមុខ (ជាលក្ខណៈ Private ក៏បាន) ដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រី ដែលពួកគាត់បំពេញការងារពេលយប់ ទោះអាជីពណាក៏ដោយ។ បើបុគ្គលនោះមិនមកសុំទោសប្អូនស្រីទេ នាងខ្ញុំ និង ប្អូនស្រី នឹងស្នើទៅក្រសួងកិច្ចការនារីដើម្បីស្នើសុំជំនួយផ្នែកច្បាប់»៕