(វីដេអូ) នៅផ្ទះរួមគ្នាជាង ១០ ឆ្នាំ Suga ហែកកេរ្តិ៍ Namjoon មិត្តសម្លាញ់ខ្ទេច កណ្តាលកម្មវិធីសម្ភាសមួយ
គិតមកដល់ពេលនេះ Namjoon និង Suga សមាជិករួមក្រុមចម្រៀង BTS បានស្គាល់គ្នាជាង ១០ ឆ្នាំមកហើយ បើគិតចាប់តាំងពីពួកគេជួប និង ស្គាល់គ្នាជាលើកដំបូងជំនាន់ហ្វឹកហាត់កាលពីឆ្នាំ ២០១០ នោះ។ ជានិច្ចកាលពួកគេបានធ្វើការជាមួយគ្នា ព្រមទាំងនៅជាមួយគ្នាក្នុងផ្ទះតែមួយសឹងតែ ២៤ ម៉ោងជារៀងរាល់ថ្ងៃ។
ជាក់ស្ដែង ថ្មីៗនេះវគ្គថ្មីនៃកម្មវិធី Suchwita របស់ Suga បានចាក់ផ្សាយដោយមានវត្តមានរបស់ Minhyun សមាជិកក្រុម NU’EST ជាភ្ញៀវកិត្តិយស។ ក្នុងវគ្គមួយនេះ បន្ទាប់ពីសំណះសំណាលគ្នាបានច្រើនហើយ Suga ជាម្ចាស់កម្មវិធីត្រូវបាន Minhyun សួរលោកថា ៖ «ក្នុងសមាជិកក្រុម BTS ទាំងអស់គ្នា តើអ្នកណាដែលមានទម្លាប់ល្អ ពូកែរៀបចំទុកដាក់អ៊ីវ៉ាន់ក្នុងផ្ទះជាងគេ?»។
ភ្លាមៗនោះ ស្រាប់តែ Suga បានលាន់មាត់ភ្លាមថា ៖ «ខ្ញុំមានអារម្មណ៍ដូចគេក្បត់ខ្ញុំអ៊ីចឹង ព្រោះថានៅពេលដែលសមាជិកពួកយើងនៅជុំគ្នា ជាពិសេស Namjoon តែម្ដង គឺខ្ញុំតែងតែហត់មាត់ រអ៊ូឱ្យគេរៀបចំបន្ទប់ រៀបចំសម្លៀកបំពាក់របស់គេកុំឱ្យរប៉ាត់រប៉ាយរហូត»។
បន្ទាប់មក Suga ក៏បានបន្តថា ៖ «ចាប់តាំងពីសមាជិកម្នាក់ៗមាន Apartment ផ្ទាល់ខ្លួនរួចមកគឺ Namjoon ជាសមាជិកដែលមានសណ្ដាប់ធ្នាប់ជាងគេ» ដោយលោកបានលើកឡើងទាំងហួសចិត្តថា ៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញកន្លែងរបស់ Namjoon មានរបៀបរៀបរយ ស្អាតខ្លាំងជាងកាលពីនៅជុំគ្នា»៕
រីករាយទស្សនាវីដេអូខាងក្រោម៖