មិនធម្មតា! ប៉ាន់ ខែមម៉ានូ តារាប្រុសពហុជំនាញ ល្ខោនបាសាក់ក៏ចេះ ល្ខោនយីកេ និង សិល្បៈចម្រុះក៏ចេះ
មហាជនកំពុងតាមដានទស្សនាខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងអំពីខ្សែជីវិតពិតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ច្បាស់ជាបានស្គាល់មកហើយនូវតួឯកប្រុសដ៏សំខាន់គឺលោក ប៉ាន់ ខែមម៉ានូ។
ជាការពិត ក្នុងការសម្តែងខ្សែភាពយន្តខ្នាតធំខាងលើ ជាតួអង្គរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការបោះជំហានលើវិស័យភាពយន្តជាលើកដំបូងរបស់ លោក ប៉ាន់ ខែមម៉ានូ ក៏ពិតមែន តែងាកត្រឡប់ទៅទេពកោសល្យពិតប្រាកដវិញនោះ លោក ប៉ាន់ ខែមម៉ានូ ក៏ជាតារាប្រុសពហុជំនាញមួយរូបដែរ។
តួយ៉ាង លោកមានឈាមជ័រសិល្បៈពីឪពុក គឺលោក ប៉ាន់ សេរីវុឌ្ឍ ជាអតីតមន្ត្រីនៃមន្ទីរវប្បម៌ និងវិចិត្រសិល្បៈខេត្តតាកែវ តារាប្រុសពហុជំនាញ ប៉ាន់ ខែមម៉ានូ ក៏មានដុងទៅតាមឪពុក ដោយលោកត្រូវបានឪពុកបង្ហាត់បង្រៀនលោកសម្តែងល្ខោនយីកេ និងល្ខោនបាសាក់ តាំងពីនៅកុមារភាពមកម្ល៉េះ។ លើសពីនោះ ក្នុងឆ្នាំ ២០០៧ លោក ប៉ាន់ ខែមម៉ានូ ក៏បានសម្តែងជាតួឯកក្នុងល្ខោនយីកេរឿង «សុវណ្ណសាម» នៅទូរទស្សន៍ជាតិកម្ពុជា និង ក្នុងឆ្នាំ ២០១០ លោកបានចូលប្រឡងចម្រៀងផ្នែកយីកេ នៅស្ថានីយទូរទស្សន៍បាយ័ន ដោយទទួលបានជ័យលាភីកិត្តិយសទៀតផង។
គួរជម្រាបបន្ថែមថា លោក ប៉ាន់ ខែមម៉ានូ អាចចាត់ទុកជាតារាប្រុសពហុជំនាញមួយរូបក្នុងវិស័យសិល្បៈ ព្រោះក្រៅពីជំនាញល្ខោនបាសាក់ និង ល្ខោនយីកេ លោក ប៉ាន់ ខែមម៉ានូ ក៏មានដុងផ្នែកចម្រៀង ដោយសំឡេងរបស់លោកពីរោះស្រទន់ ដែលអាចបកស្រាយបទចម្រៀងសឹងតែគ្រប់ទម្រង់ រួមមាន បទមហោរី បទប្រពៃណី ស្មូត និង ចម្រៀងសម័យមរតកដើមទៀតផង៕