(វីដេអូ) កាន់តែក្តៅ! ឃុំ ប៉ុណ្ណាដែត ទុកពេល ២៤ ម៉ោងឱ្យ រ៉ូស សុំទោសកូនៗ បើមិនអ៊ីចឹងនឹងប្រើនីតិវិធីច្បាប់
កាលពីទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាថ្មីទៅកាន់ អាណា រ៉ូស ដែលបានបង្ហោះសារដៀលខ្លាំងៗហាក់ចង់សំដៅទៅកាន់អតីតតារាចម្រៀងប្រុស ឃុំ ប៉ុណ្ណាដែត ក្រោយនាងបានចែករំលែកព័ត៌មានមានរូបភាពលោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងលើកពីបទ «ចិត្តស្រី» ដែលជាការបកស្រាយដោយលោក ឃុំ ប៉ុណ្ណដែត ទៀត។
ក្រោយពីឃើញសារទំនងតិះដៀលដល់ខ្លួននោះ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារជាបន្តបន្ទាប់គ្នា លើកហេតុផលដែលលោកបានចែករំលែករឿងពាក្យថា «តារា» នោះ គឺមិនបានប៉ះពាល់ ឬ ចង់សំដៅទៅលើ អាណា រ៉ូស ឡើយ។ លើសពីនោះ លោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់ថា លោកមានគោលបំណងតែម្យ៉ាង គឺការចែករំលែក និង ណែនាំដល់សិល្បៈជំនាន់ក្រោយក្នុងនាមជារៀមច្បងប៉ុណ្ណោះ។
ដោយឡែក នៅយប់ថ្ងៃដដែល លោក ឃុំ ប៉ុណ្ណាដែត និង ភរិយា គឺអ្នកនាង យក់ ឋិតរដ្ឋា ព្រមទាំងអ្នកនាង ហង្ស សុជាតា បានធ្វើការឡាយបញ្ជាក់ជាថ្មីលើផេកហ្វេសប៊ុកផ្លូវការរបស់តារាប្រុសស្រីទាំង ៣ រឿងសារ ដែលលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះ។ ជាងនេះទៅទៀត គឺឆ្លើយតបការប្រើពាក្យមិនសមរម្យរបស់ រ៉ូស មកលើលោក ជាពិសេសគឺពាក្យប្រមាថ ដាក់ទំនាយកូនៗរបស់លោកពី រ៉ូស ថា ៖ «…ពូកែរិះគន់គេ ប្រមាថមើលងាយគេ ប្រយ័ត្នកម្មពារកូនហែងកើតមកអត់ដៃអត់ជើង ឬ ពិការខួរក្បាល»។
ក្នុងការឡាយនោះ លោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់ម្តងហើយម្តងទៀតថា ៖ «លោកទុកពេលឱ្យ រ៉ូស ២៤ ម៉ោង ចេញមុខសុំទោសកូនៗរបស់លោក ពោលគឺមិនបាច់សុំទោសលោកទេ សុំទោសតែកូនៗលោកបានហើយ ព្រោះ រ៉ូស ប្រើពាក្យសម្តីធ្ងន់ៗ អា ហែង ដាក់លោក លោកមិនប្រកាន់ខឹងទេ ប៉ុន្តែ រ៉ូស បានប្រមាថដាក់ទំនាយក្មេងៗ»។
លោក ឃុំ ប៉ុណ្ណាដែត បន្តថា ៖ «បើសិនជា រ៉ូស មិនចេញមុខសុំទោសកូនៗរបស់លោកជាសាធារណៈទេ លោកនឹងប្រើតាមនិតិវិធីច្បាប់ហើយ»៕