តារាគុណភាព! កំពូលតារាចម្រៀងរ៉េប វណ្ណដា ទទួលបានគ្រឿងឥស្សរិយយស មុន្នីសារភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ លើផេកផ្លូវការរបស់លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហោះអនុក្រឹតស្តីពីការជូនមេដាយសហមេត្រី និង ការជូនមេដាយមុន្នីសារភ័ណ្ឌ ជូនដល់សិល្បករ សិល្បការិនីចំនួន ១៥០២ នាក់ ដែលទទួលបានគ្រឿងឥស្សរិយយសទាំងអ្នកសិល្បៈមានក្របខណ្ឌជាមន្រ្ដីរាជការ និង អ្នកសិល្បៈក្រៅប្រព័ន្ធ ដែលមានស្នាដៃល្អឆ្នើម ព្រមទាំងបានចូលរួមអភិវឌ្ឍសង្គមជាតិ តាមរយៈការចូលរួមចំណែកអភិរក្ស ថែរក្សា និង លើកស្ទួយដល់វប្បធម៌សិល្បៈប្រពៃណី ក៏ដូចជាការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗជួយដល់សង្គមជាតិ។
លើសពីនោះ សិល្បករ សិល្បការិនី ១៥០២ រូប ខាងលើនេះ ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មសិប្បកម្មវប្បធម៌ការបង្កើតស្នាដៃថ្មីៗ ការផ្សព្វផ្សាយអំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប និង ការស្វែងរកទីផ្សារ សម្រាប់ផលិតផលវប្បធម៌របស់ប្រជាជន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជន និង ផ្ដល់ការអប់រំដល់សង្គមជាតិទាំងមូលទៀតផង។
ងាកទៅកាន់តារាចម្រៀងរ៉េបវ័យក្មេងប្រចាំប្រទេសកម្ពុជា លោក វណ្ណដា ក៏បានធ្វើឱ្យអ្នកគាំទ្រចូលរួមអបអរសាទរជាច្រើនផងដែរ ដោយតារាចម្រៀងប្រចាំផលិតកម្មបារមីរូបនេះ ក៏ទទួលបានគ្រឿងឥស្សរិយយស មុន្នីសារភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ នេះដែរ។
គួរជម្រាបថា ក្រៅពីតារាចម្រៀងរ៉េប វណ្ណដា ក្នុងនោះ គឺមានតារាប្រុសស្រីប្រមាណ ១៣៦០ ដែលទទួលបានគ្រឿងឥស្សរិយយស មុន្នីសារភ័ណ្ឌ ដែរ៕